តេអេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា ប្រតិបត្តិការយោធានាពេលថ្មីៗនេះ របស់ប្រទេសអ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល គឺពិតជាស្របច្បាប់ និងត្រឹមត្រូវទាំងស្រុង។
លោក Khamenei បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា ទៅកាន់អ្នកថ្វាយបង្គំមួយចំនួនធំ នៅឯការអធិស្ឋានថ្ងៃសុក្រប្រចាំសប្តាហ៍ នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈកំពុងអត្ថាធិប្បាយលើការវាយប្រហារ ដោយមីស៊ីល ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃអង្គារកន្លងទៅ។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ គឺជាការដាក់ទណ្ឌកម្មតិចតួចបំផុត សម្រាប់អ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹង “ឧក្រិដ្ឋកម្មដ៏គួរឱ្យភ្ញាក់ផ្អើល” ដែលប្រព្រឹត្តដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីខាងលិច ។
លោកបានបន្ថែមថា អ៊ីរ៉ង់នឹងមានភាពយ៉ាងម៉ឺងម៉ាត់ ក្លាហាន និងការសម្រេចចិត្ត ក្នុងការបំពេញទំនួលខុសត្រូវរបស់ខ្លួន ក្នុងន័យនេះ ដោយបន្ថែមថា “យើងនឹងមិនស្ទាក់ស្ទើរ និងធ្វេសប្រហែស ឬប្រញាប់ប្រញាល់ ក្នុងការបំពេញ កាតព្វកិច្ចនេះឡើយ”។
លោកបានបន្ដថា “អ្វីដែលសមហេតុផលបំផុត និងត្រឹមត្រូវនោះ នឹងត្រូវធ្វើនៅពេលវេលា (ត្រឹមត្រូវ) របស់ខ្លួន ដោយផ្អែកលើគំនិតរបស់យោធា និងអ្នកធ្វើការសម្រេចចិត្ត ខាងនយោបាយ ដោយសារការងារនេះ ការវាយប្រហារដោយមីស៊ីល ត្រូវបានធ្វើ ហើយនឹងត្រូវធ្វើនៅពេលអនាគត ប្រសិនបើចាំបាច់” ៕
ប្រែសម្រួល ឈូក បូរ៉ា