អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីទាំង ៥ ដែលបានប្រកាស ពីការកើនឡើង ទ្រព្យសម្បត្តិច្រើន ជាងគេបំផុតនៅលើពិភពលោក រហូតមកដល់ពេលនេះ គឺជាសហគ្រិនជនជាតិ អាមេរិក ទាំងអស់ក្នុង ឧស្សាហកម្មបច្ចេកវិទ្យា ។
នេះបើយោងតាមសន្ទស្សន៍ មហាសេដ្ឋី Bloomberg បាននិយាយថា ជាមួយគ្នានេះ ពួកគេបានប្រមូល ប្រាក់បន្ថែមចំនួន ២៩០ ពាន់លានដុល្លារអាមេរិក នៅចន្លោះថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១២ ខែតុលា ។
លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុន Meta បានឃើញទ្រព្យសម្បត្តិរបស់លោកកើនឡើងចំនួន ៨០.៦ ពាន់លានដុល្លារ ដោយដាក់លោកចំណាត់ថ្នាក់លេខ ៣ នៅទូទាំងពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ២០៩ពាន់លានដុល្លារ ។ ភាគហ៊ុន Meta កើនឡើង ៧០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Jensen Huang ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានជាប់ចំណាត់ថ្នាក់លេខ ២ មានទ្រព្យសម្បត្តិជាមួយនឹង ៧៣.៨ ពាន់លានដុល្លារ ត្រូវបានបន្ថែមទៅក្នុង ទ្រព្យសម្បត្តិសុទ្ធរបស់លោកនៅឆ្នាំនេះ។ លោកជាមហាសេដ្ឋីទី ១១ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធ ១១៨ ពាន់លានដុល្លារកើនឡើង ១៦៨ភាគរយចាប់តាំងពីដើមឆ្នាំមក ។
លោក Larry Ellison ប្រធានប្រតិបត្តិ នៃក្រុមហ៊ុនសូហ្វវែរ Oracle បានមើលឃើញថា ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងចំនួន ៦២.៥ ពាន់លានដុល្លារ នៅឆ្នាំនេះ ។ លោកជាអ្នកមានបំផុតទី ៥ នៅលើពិភពលោក ដែលមានទ្រព្យ សម្បត្តិសរុប ១៨៥ ពាន់លានដុល្លារ ។
លោក Michael Dell នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតកុំព្យូទ័រ Dell Technologies បានឃើញទ្រព្យសម្បត្តិ របស់លោកកើនឡើងចំនួន ៣៨.២ ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបន្ថែម ៣៤.៦ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ ៕