រដ្ឋកាលីហ្វញ៉ាៈ ភ្នាក់ងារអវកាសណាសានិយាយថា យានអវកាសនៃឋានព្រះច័ន្ទភ្លោះដែលមានតួនាទីប្រមូលទិន្នន័យអំពីប្រព័ន្ធរូបរាងខាងក្នុង និងសមាសភាពរបស់ព្រះច័ន្ទ នឹងត្រូវបានប៉ះទង្គិចជាមួយនឹងផ្ទៃខាងក្រៅរបស់ព្រះច័ន្ទ។
ក្រុមភ្នាក់ងារអវកាសបានធ្វើសេចក្តីរាយការណ៍ថា ដោយសារតែពួកវា ស្ថិតនៅក្នុងគន្លងគោចរទាប ព្រមទាំងកំរិតឥន្ធនៈ ក៏ទាបសម្រាប់ការពិនិត្យមើល តាមបែបវិទ្យាសាស្រ្ត យានអវកាសភ្លោះ ដែលត្រូវបានគេឲ្យឈ្មោះថា Ebb និង Flow នឹងត្រូវមានការប៉ះទង្គិច ជាមួយនឹងប៉ូលខាងជើង របស់ព្រះច័ន្ទនៅថ្ងៃច័ន្ទនេះ។
មន្ទីរពិសោធន៍ របស់ភ្នាក់ងារអវកាសណាសា នៅក្នុងរដ្ឋកាលីហ្វញ៉ាបានឲ្យដឹងថា ជាមួយគ្នានេះដែរ យានអវកាសទាំងពីរនេះ នឹងប៉ះជាមួយនឹងផ្ទៃរបស់ព្រះច័ន្ទនៅក្នុងល្បឿន ៦,០៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ដោយ៖ ហង្ស សុបញ្ញា