ព័ត៌មានអន្តរជាតិ

លោក Donald Trump បង្ហាញវត្តមាន ក្នុងបញ្ជីអ្នកមានបំផុត ទាំង ៥០០នាក់ នៅលើពិភពលោក ម្តងទៀតហើយ

AFP

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានវិលត្រឡប់មកក្នុង បញ្ជីអ្នកមានបំផុតទំាង ៥០០នាក់នៅលើពិភពលោកវិញ ខណៈភាគហ៊ុន របស់ក្រុមហ៊ុន របស់លោកបានកើនឡើង ២ សប្តាហ៍មុនការបោះឆ្នោត ប្រធានាធិបតី សហរដ្ឋអាមេរិកបន្ទាប់។

ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump បានកើនឡើង ១១២ ភាគរយនៅឆ្នាំនេះដល់ ៦.៥ ពាន់លានដុល្លារគិតត្រឹមថ្ងៃពុធ ដែលធ្វើឲ្យលោកក្លាយ ជាអ្នកមានបំផុតទី ៤៨១ ក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ។ លើកចុងក្រោយដែល លោកស្ថិតក្នុងបញ្ជី គឺ ១១ សប្តាហ៍មុន។ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើង នៅពេលក្រុមហ៊ុន Trump Media & Technology Group Corp មានតម្លៃជិត ៣ ដងចាប់តាំងពីចុងខែមុន។

Bloomberg បានរាយការណ៍ថា Trump Media បានធ្វើការជួញដូរជាប្រូកស៊ី សម្រាប់ការភ្នាល់លើលទ្ធភាពដែលលោក Trump នឹងក្លាយជាប្រធានាធិបតី អាមេរិកបន្ទាប់។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ វេទិកាភ្នាល់មានការកើនឡើង គួរឲ្យកត់សម្គាល់នៅលើ ហាងឆេងរបស់លោក Trump ដែលឈ្នះការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា។

ទ្រព្យសម្បត្តិរបស់លោក Trump គឺបានមកពីភាព ជាម្ចាស់របស់លោក ក្នុងក្រុមហ៊ុន Trump ជាក្រុមហ៊ុនអចលនទ្រព្យ អន្តរជាតិ និងអាជីវកម្មផ្តល់អាជ្ញាប័ណ្ណ ។ ថ្មីៗនេះក្រុមហ៊ុនបានប្រកាស ពីការវិនិយោគចំនួន ១.៥ ពាន់លានដុល្លារ នៅកន្លែងវាយកូនហ្គោល សណ្ឋាគារ និងលំនៅដ្ឋាន នៅភាគខាងជើង ប្រទេសវៀតណាម តាមរយៈភាពជាដៃគូ ជាមួយក្រុមហ៊ុនក្នុងស្រុកមួយ៕

Most Popular

To Top