ថៃ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសថៃ បានចាប់ខ្លួនជនជាតិហ្វីលីពីន ៩ នាក់ក្នុងនោះមានប្រុស ២ នាក់ និងស្រី ៧ នាក់កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ពីបទលូកហោប៉ៅ ភ្ញៀវបរទេស នៅកន្លែងទេសចរណ៍ដ៏ពេញនិយម។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីអ្នកទេសចរកូរ៉េខាងត្បូងម្នាក់ បានដាក់ពាក្យបណ្ដឹងដោយរាយការណ៍ថា មានជនបរទេសមួយក្រុម បានចាប់គាត់នៅ Sukhumvit Soi 33 ក្នុងសង្កាត់ Watthana ទីក្រុងបាងកក កាលពីថ្ងៃទី ១៦ ខែតុលា។
ផ្អែកលើវីដេអូ CCTV ប៉ូលីសកំណត់អត្តសញ្ញាណក្រុមក្មេងទំនើង ដែលកំពុងចូលទៅជិតអ្នកទេសចរ ដោយសមាជិកម្នាក់បានលួចកាបូបរបស់គាត់។
កាសែត Pattaya News បានរាយការណ៍ថា អាជ្ញាធរ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់នៅសណ្ឋាគារមួយ ខណៈ ២ នាក់ទៀត ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន សុវណ្ណភូមិ ដែលពួកគេហៀបនឹងឡើងយន្តហោះ ត្រឡប់ទៅប្រទេសហ្វីលីពីនវិញ ។
ជនសង្ស័យបានសារភាពថា បានធ្វើដំណើរមកពីប្រទេសហ្វីលីពីន ។ ពួកគេបានជួលបន្ទប់ និងស្វែងរកជនរងគ្រោះ ជាសក្តានុពលនៅកន្លែងទេសចរណ៍ ដ៏មមាញឹកទូទាំងទីក្រុងបាងកក។ ក្រុមចោរក៏បានសារភាពថាបានប្រព្រឹត្ត អំពើលួចស្រដៀងគ្នាជាច្រើនលើកច្រើនសា ដោយបែងចែកលុយ និងវត្ថុមានតម្លៃដែលលួចបានក្នុងចំណោមពួកគេ ។
តាមច្បាប់ព្រហ្មទណ្ឌថៃ ការលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦ម៉ឺនបាត (១៧៨០ដុល្លារ) ៕