អាមេរិក៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានព្រមានថា សហរដ្ឋអាមេរិកកំពុងឈានឆ្ពោះទៅរកការក្ស័យធន ហើយនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនឈប់ចំណាយប្រាក់ច្រើនលើសលប់ពេកនោះទេ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
លោក Musk បានកំពុងធ្វើអត្ថាធិប្បាយលើការបង្ហោះនៅលើ X បង្ហាញពីការបង់ការប្រាក់យ៉ាងគំហុកលើបំណុលរដ្ឋាភិបាលអាមេរិក។ គណនី Wall Street Silver បានបង្ហោះថា ឥឡូវនេះយើងបង់ជិត ១.២ពាន់ពាន់លានដុល្លារ ក្នុងមួយឆ្នាំក្នុងការប្រាក់លើបំណុល ប្រហែល ២៣ភាគរយនៃពន្ធទាំងអស់ ពន្ធ និងថ្លៃសេវាដែលប្រមូលបានដោយរដ្ឋាភិបាលអាមេរិកទៅបង់ការប្រាក់លើបំណុល។
លោក Musk បានឆ្លើយតបដោយព្រមានថា ប្រសិនបើមិនមានការកាត់បន្ថយរ៉ាឌីកាល់នៃការចំណាយរបស់រដ្ឋាភិបាលទេ នោះដូចជាបុគ្គលម្នាក់ដែលបានជំពាក់បំណុលច្រើនពេក អាមេរិកនឹងក្លាយទៅជាអ្នកក្ស័យធនដោយការពិត។ លោកបានបន្ថែមថា ការប្រាក់លើបំណុលកំពុងមាននិន្នាការក្នុងការស្រូបយកចំណូលពន្ធទាំងអស់យ៉ាងឆាប់រហ័ស ដោយមិនទុកអ្វីសម្រាប់តម្រូវការសំខាន់នោះទេ។
លោក Musk ធ្លាប់បានចង្អុលបង្ហាញកាលពីខែកញ្ញាថា ការចំណាយលើការបម្រើបំណុលសហព័ន្ធអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់បានលើសពីថវិកាការពារជាតិបច្ចុប្បន្ន បានកើនឡើងដល់ ៨៤០ ពាន់លានដុល្លារក្នុងឆ្នាំនេះ។
នេះបើយោងតាមនាឡិកាបំណុលអាមេរិកថា រតនាគារសហរដ្ឋអាមេរិកបានប្រកាសកាលពីចុងខែកក្កដាថា បំណុលជាតិបានកើនឡើងលើសពី ៣៥ពាន់ពាន់លានដុល្លារ ដែលកើនឡើងមួយពាន់ពាន់លានក្នុងរយៈពេល៦ខែ ដោយតួលេខបច្ចុប្បន្នគឺ ៣៥.៧ពាន់ពាន់លានដុល្លារ ។
នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ប្រកាសអាសន្នជុំវិញបំណុលអាមេរិក។ កាលពីដើមឆ្នាំនេះ លោក Musk បាននិយាយថា អត្រានៃការចំណាយរបស់រដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើ ឲ្យអាមេរិកនៅក្នុងផ្លូវយ៉ាងលឿនទៅរកការក្ស័យធន ហើយការចំណាយលើសរបស់រដ្ឋាភិបាលកំពុងធ្វើឲ្យមានអតិផរណា៕