បរទេស ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Grab ដែលមានជំនាញខាងប្រើ ប្រាស់បច្ចេកវិទ្យា Grab ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ១២ ថ្ងៃពីបទបើកបរ ក្នុងស្ថានភាពស្រវឹង។
នេះបើយោង តាម Straits Times បានប្រាប់ឲ្យដឹងថា លោក Wong Wenbin អាយុ ៤២ ឆ្នាំបានទទួលការកាត់ទោស កាលពីថ្ងៃព្រហស្បតិ៍ ពីបទបង្កគ្រោះថ្នាក់ កាលខែសីហាឆ្នាំមុន ខណៈដែលលោកមានកម្រិតជាតិ អាល់កុលស្ទើរតែទ្វេដង ក្នុងប្រព័ន្ធដង្ហើមរបស់លោក។
លោកក៏ត្រូវបានផាកពិន័យ ៥០០០ ដុល្លារ និងហាមមិនឲ្យបើកបររយៈពេល ៣ ឆ្នាំ។លោក Wong នៅល្ងាចថ្ងៃទី ១៧ ខែសីហាឆ្នាំមុនបានផឹកស្រាក្រហម ២ កែវ ហើយកំពុង បើកឡានទៅផ្ទះនៅម៉ោងប្រហែល១២.៥០ ព្រឹកនៅថ្ងៃបន្ទាប់ នៅពេលលោកបើកបររថយន្ត BMW របស់លោកមិនបាន ឈប់ភ្លើងស្តុប។
លោកមានកំណត់ត្រាពីមុនក្នុងការបើកបរលឿន និងមិនឈប់នៅភ្លើងក្រហម។ ក្នុងអំឡុងពេលសវនាការ មេធាវីរបស់លោក Wong បានស្វែងរកសេវាសហគមន៍រយៈពេល ១២០ ម៉ោង ជំនួសឲ្យការជាប់ពន្ធនាគារ ប៉ុន្តែត្រូវបានបដិសេធ៕