ព័ត៌មានអន្តរជាតិ

ថៃរឹបអូស បានថ្នាំញៀន ប្រភេទទឹកក ១០០ គីឡូក្រាម ក្នុងរថយន្តទេសចរណ៍ ទៅម៉ាឡេស៊ី

VN Express

ថៃ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមប៉ូលិសប្រទេសថៃ បានរកឃើញថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទឹកកទម្ងន់១០០គីឡូក្រាម ត្រូវបានរត់ពន្ធទៅប្រទេសម៉ាឡេស៊ី ក្នុងបន្ទប់លាក់ ទុកក្នុងដំបូល រថយន្តទេសចរណ៍ ក្បែរព្រំដែនខេត្តសុងក្លា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ បាននិយាយថា មន្ត្រីផ្នែកស៊ើបអង្កេតខេត្តព្រំដែន ភាគខាងត្បូង អនុកងពលលេខ២ និងការិយាល័យក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀនភូមិភាគ៩ បានតាមដានយ៉ាងយកចិត្តទុកដាក់លើរថយន្តទេសចរណ៍នេះ ខណៈរថយន្តនេះបានធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង។ ក្រុមប៉ូលីសស្ទាក់ចាប់បាននៅចំណុច ត្រួតពិនិត្យសន្តិសុខ Khuan Meed ឃុំ Khuan Meed ស្រុក Chana ខេត្ត Songkhla កាលពីថ្ងៃព្រហស្បតិ៍។

អ្នកបើកបរអាយុ៣០ឆ្នាំ និងជនសង្ស័យ២នាក់ផ្សេងទៀតត្រូវចាប់ខ្លួន ។ អ្នកបើកបរបានសារភាពថា ខ្លួនបានដឹកជញ្ជូនគ្រឿងញៀន ពីទីក្រុងបាងកកទៅ ឲ្យភ្នាក់ងារ បណ្តាញគ្រឿងញៀន នៅក្រុងព្រំដែន Sungai Kolok ក្នុងខេត្ត Narathiwat ។ ជនទាំង ៣ នាក់ត្រូវបានចោទ ប្រកាន់ពីបទឃុបឃិតគ្នា ក្នុងការរក្សាទុកនូវសារធាតុញៀន ខុសច្បាប់ដោយចេតនាលក់ និងបទល្មើសពាក់ព័ន្ធ។

យោងតាមប៉ូលីសបានបន្ថែមទៀតថា ថ្នាំញៀនប្រភេទទឹកក ១០០  គីឡូក្រាមដែលរឹបអូសមានតម្លៃប្រហែល ២០ លានបាតស្មើនឹង ៥៩៤,០០០ ដុល្លារអាមេរិក ប៉ុន្តែវានឹងមានតម្លៃ ២ ទៅ ៣ ដងច្រើនជាងនៅប្រទេសម៉ាឡេស៊ី។

សមត្ថកិច្ចបានដកហូតវត្ថុតាង របស់ជនសង្ស័យដើម្បីធ្វើការស្រាវជ្រាវបន្ត ។ ពួកគេរួមមានរថយន្តចំនួន ៧ គ្រឿង ដី ៦ ដុំ លុយចំនួន ៤ ម៉ឺនបាត (១.១៩០ ដុល្លារ) ប្រាក់ ១២.២៣០ រីងហ្គីត (២.៨១០ ដុល្លារអាមេរិក) និងកាំភ្លើងខ្លី ២ ដើម៕

Most Popular

To Top