ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាម កំពុងសហការ ជាមួយម៉ាឡេស៊ីដើម្បីអនុវត្តនីតិវិធី រួមទាំងការផ្ទៀង ផ្ទាត់អត្តសញ្ញាណ ដើម្បីការពារពលរដ្ឋ វៀតណាមចំនួន ៧ នាក់ ដែលត្រូវបានបង្ខំ ឲ្យធ្វើស្រីពេស្យាចារ នៅប្រទេសម៉ាឡេស៊ី។
អ្នកនាំពាក្យរង ក្រសួងការបរទេសលោក Doan Khac Viet បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមកំពុងសហការជាមួយអាជ្ញាធរ មូលដ្ឋានដើម្បីធ្វើការងារពាក់ព័ន្ធ រួមទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណ របស់ពលរដ្ឋវៀតណាម ដូច្នេះអាចមានវិធានការ ការពារចាំបាច់។
លោកបានឆ្លើយតបនឹងការសាកសួរទាក់ទងនឹងប្រទេសម៉ាឡេស៊ី ដែលបានប្រាប់អំពីការជួយសង្គ្រោះពលរដ្ឋវៀតណាម ៧ នាក់ពីកន្លែងពេស្យាចារ ។ លោក Viet បានបន្ថែមថា ជនជាតិវៀតណាម ដែលចង់ទៅធ្វើការនៅបរទេស ត្រូវតែធ្វើដូច្នេះតាមរយៈ ក្រុមហ៊ុនល្បីឈ្មោះក្នុងប្រទេសវៀតណាម។
នាយកដ្ឋានអន្តោប្រវេសន៍ ម៉ាឡេស៊ី នៅថ្ងៃទី ២៣ ខែតុលា បាននិយាយថា អាជ្ញាធរក្នុងប្រទេស បានបង្រ្កាបការជួញ ដូរមនុស្ស និងកន្លែងពេស្យាចារ អំឡុងពេលការវាយឆ្មក់នៅ Klang ២ ថ្ងៃមុន។ ក្នុងនោះមានស្ត្រីវៀតណាម ៧ នាក់ អាយុ ៣២ ដល់ ៤៥ ឆ្នាំត្រូវបានជួយសង្គ្រោះ។ ស្ត្រីទាំងនោះត្រូវបានឃុំខ្លួន ក្នុងកន្លែងផ្តល់សេវា និងបង្ខំឲ្យបម្រើអតិថិជន។
នាយកដ្ឋានបានបន្តថា ពួកគេទាំងអស់ បានមកប្រទេសម៉ាឡេស៊ី ក្នុងនាមជាអ្នកទេសចរ ប៉ុន្តែត្រូវបានបង្ខំឲ្យធ្វើពេស្យាចារ ដោយបន្ថែមថា អ្នកគ្រប់គ្រងបង់ក្លាដែសម្នាក់បានយាមកាមស្ត្រី និងកន្លែងនោះ ២៤/២៤ ៕