ព័ត៌មានអន្តរជាតិ

វៀតណាម ចាប់បានបុរសម្នាក់ ដឹកជញ្ជូនប្រភេទ ថ្នាំកេតាមីនទម្ងន់ ៩ គីឡូក្រាម រត់ពន្ធពីអឺរ៉ុប ទៅហាណូយ ដាក់ក្នុងប្រអប់ ទឹកដោះគោ

VN Express

វៀតណាម ៖ ប៉ូលិសនៅភាគកណ្តាល ប្រទេសវៀតណាម បានឃាត់ខ្លួនបុរសក្នុងស្រុកម្នាក់ ដែលប៉ុនប៉ងចែកចាយថ្នាំ កេតាមីនទម្ងន់ ៩,៣ គីឡូក្រាម លាក់ក្នុងប្រអប់ទឹកដោះគោចំនួន ១៦ ត្រូវបានរត់ពន្ធពីអឺរ៉ុបទៅកាន់អាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។

ប៉ូលីសខេត្ត Nghe An បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា លោក Nguyen Van Ba ជនជាតិវៀតណាម អាយុ ៣១ ឆ្នាំ ឥឡូវនេះកំពុងស្ថិតក្រោម ការស៊ើបអង្កេតពីបទ ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ។ ការចាប់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីប៉ូលីសបានឃាត់លោក Ba ដើម្បីត្រួតពិនិត្យកាលពីថ្ងៃសុក្រមុន ខណៈលោកកំពុងបើកបរនៅក្នុងស្រុក Quynh Luu ហើយបង្ហាញអាកប្បកិរិយាគួរឲ្យសង្ស័យ ហើយលោក Ba បានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានប៉ូលិសចាប់បានភ្លាមៗ ។

ពេលឆែកឆេររថយន្តរបស់លោក ប៉ូលិសបានរកឃើញទឹកដោះគោចំនួន ១៦ កេស មានថ្នាំលាក់ទុក។ ដំបូងឡើយលោក Ba បានបដិសេធថា មិនបានជាប់ពាក់ព័ន្ធ ហើយថែមទាំងប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែក្រោយមកលោកបានសារភាពពីបទឧក្រិដ្ឋ។

លោក Ba បានប្រាប់ប៉ូលីសថា ជនជាតិវៀតណាម មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលរស់នៅក្នុងទ្វីបអឺរ៉ុប បានបញ្ជូនថ្នាំដែលក្លែងបន្លំ ជាទឹកដោះគោរូបមន្ត ទៅកាន់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយ ។ ប្រអប់ទាំងនោះត្រូវបានផ្ទេរទៅឃ្លាំង ដែលដំណើរការដោយក្រុមហ៊ុន ដឹកជញ្ជូននៅស្រុក Quynh Luu ជាកន្លែងដែលលោក Ba បានប្រមូលពួកវាសម្រាប់ដឹកជញ្ជូន ។

ប្រទេសវៀតណាមមានច្បាប់ គ្រឿងញៀនតឹងរ៉ឹងបំផុតមួយ ចំនួននៅលើពិភពលោក រួមទាំងទោសប្រហារជីវិត សម្រាប់អ្នកដែលត្រូវបានផ្តន្ទាទោស ពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីន ឬកូកាអ៊ីនលើសពី ៦០០ ក្រាម ឬមេតំហ្វេតាមីនលើសពី ២,៥ គីឡូក្រាម ។ ការផលិត ឬលក់ហេរ៉ូអ៊ីន ១០០ ក្រាម ឬ ៣០០ ក្រាមនៃគ្រឿងញៀនផ្សេងទៀត ក៏ត្រូវផ្តន្ទាទោសប្រហារជីវិតផងដែរ ៕

Most Popular

To Top