វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់ពង្រាយយោធាបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា រួមទាំងនាវាពិឃាតការពារមីស៊ីលផ្លោង និងយន្តហោះទម្លាក់គ្រាប់បែកដែលបាញ់បានរយៈចម្ងាយឆ្ងាយ B-52 ដើម្បីជាការព្រមានដល់ប្រទេសអ៊ីរ៉ង់ ខណៈប្រទេសនេះ និងអ៊ីស្រាអ៊ែល កំពុងមានជម្លោះនឹងគ្នាទៅវិញទៅមក ។
លោកឧត្តមសេនីយ៍ Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើប្រទេសអ៊ីរ៉ង់ និងដៃគូរបស់ខ្លួន ឬអ្នកតំណាងរបស់ខ្លួនប្រើប្រាស់ពេលវេលានេះដើម្បីកំណត់គោលដៅបុគ្គលិក ឬផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សហរដ្ឋអាមេរិកនឹងចាត់វិធានការចាំបាច់ដើម្បីការពារប្រជាជនរបស់យើង” ។
គួរបញ្ជាក់ថា ធនធានបន្ថែមត្រូវបានបង្កើតឡើងនៅលើការដាក់ពង្រាយការពារជាតិពីមុនរបស់សហរដ្ឋអាមេរិក ទៅកាន់មជ្ឈិមបូព៌ាក្នុងការគាំទ្រដល់អ៊ីស្រាអ៊ែល រួមទាំងប្រព័ន្ធការពារមីស៊ីល THAAD ដែលត្រូវបានដាក់ពង្រាយដល់ប្រទេសនេះកាលពីចុងខែមុន ដែលប្រតិបត្តិការដោយយោធាអាមេរិកនៅលើដីនេះ ។
លោក Ryder បានលើកឡើងថា កងកម្លាំងថ្មី “នឹងចាប់ផ្តើមមកដល់នៅក្នុងប៉ុន្មានខែខាងមុខនេះហើយ” ។
អ៊ីស្រាអ៊ែល បានបើកការវាយប្រហារយ៉ាងខ្លាំងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅនេះ ដោយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាដល់សាធារណរដ្ឋអ៊ីស្លាម ខណៈនោះជាការដឹកនាំក្នុងការបោសសំអាតទៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងប្រេងសំខាន់ៗ ផងដែរ ។
ចំណែកប្រទេសអ៊ីរ៉ង់វិញ បានធ្វើការវាយប្រហារធំៗចំនួន២ប្រឆាំងនឹងអ៊ីស្រាអ៊ែល នៅក្នុងឆ្នាំ២០២៤នេះ គឺបានធ្វើឡើងមួយលើកនៅក្នុងខែមេសា បន្ទាប់ពីការវាយប្រហារមកលើស្ថានកុងស៊ុលរបស់ខ្លួននៅក្រុងដាម៉ាស់ដែលត្រូវបានស្តីបន្ទោសលើអ៊ីស្រាអ៊ែល និងមួយទៀតនៅក្នុងខែតុលាដែលក្រុងតេហរ៉ង់បានអះអាងថា ជាការឆ្លើយតបនឹងការធ្វើឃាតមេដឹកនាំក្រុមប្រដាប់អាវុធដែលខ្លួនដែលគាំទ្រនៅមជ្ឈិមបូព៌ា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា