កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសម្នាក់នៅខេត្ត Gyeonggi របស់ប្រទេសកូរ៉េខាងត្បូង បានសារភាពថា បានលាក់សាកសព ឪពុករបស់លោក ដែលបានស្លាប់ក្នុងទូរទឹកកក អស់រយៈពេលជាងមួយឆ្នាំ ដោយសារតែជម្លោះមរតកដែលនាំ ឲ្យមានការស៊ើបអង្កេត របស់ប៉ូលីស។
នេះបើតាមការរាយការណ៍ដោយកាសែត The Korea Herald បាននិយាយថា អាជ្ញាធរមកពីស្ថានីយ៍ប៉ូលីស Icheon ខេត្ត Gyeonggi កំពុងស៊ើបអង្កេត ជនសង្ស័យពីបទចោទ ប្រកាន់ពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញ ការលាក់បាំង ឬកាន់កាប់សាកសព បន្ទាប់ពីប៉ូលីសបានរកឃើញសាកសពឪពុក របស់លោកនៅគេហដ្ឋានរបស់លោក ។
យោងតាមសេចក្តីថ្លែងការណ៍ ដំបូង បុរសនោះបាននិយាយថា លោកបានរកឃើញ ឪពុករបស់លោក បានស្លាប់នៅផ្ទះ របស់លោក កាលពីខែកញ្ញាឆ្នាំមុន។ ជនសង្ស័យបានសារភាពថា បានពន្យារពេលរាយការណ៍ ពីការស្លាប់របស់ឪពុកខ្លួន ដោយសារតែមានការ ព្រួយបារម្ភអំពីបញ្ហាមរតក។
លោកបានប្រាប់អាជ្ញាធរថា លោកបានរុំសាកសព ឪពុករបស់លោកដាក់ក្នុងប្លាស្ទិច ហើយរក្សាទុកសព ឪពុកក្នុងទូរទឹកកក នៅគេហដ្ឋានរបស់គាត់ ។ កាលពីដើមឆ្នាំនេះ សាច់ញាតិបានរាយការណ៍ថា ឪពុកបាត់ខ្លួនទៅប៉ូលីស។
មន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ដោយសារការ ស៊ើបអង្កេតកំពុងបន្ត។ ការស៊ើបអង្កេតមិនបានរកឃើញ ភ័ស្តុតាងណាមួយដែលបង្ហាញថា ជនសង្ស័យជាប់ពាក់ព័ន្ធ នឹងការស្លាប់របស់ឪពុកខ្លួន ឬក៏ជាប់ពាក់ព័ន្ធនឹង សាកសពនោះទេ ។
ប៉ូលិសគ្រោងស្នើសុំធ្វើកោសល្យវិច័យ ពីសេវាកោសល្យវិច្ច័យជាតិ ដើម្បីកំណត់ពីមូលហេតុ និងពេលវេលាពិតប្រាកដនៃការស្លាប់ ៕