ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បណ្តេញរដ្ឋមន្ត្រីការពារជាតិចេញពីតំណែង ចំពេលមានសង្គ្រាម

Xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ដោយលើកឡើងពីភាពខុសគ្នារបស់ពួកគេជុំវិញបញ្ហាសន្តិសុខរបស់ប្រទេសនេះ ក្នុងគ្រាដែលកំពុងធ្វើសង្គ្រាមជាមួយប្រទេសជិតខាង។

នៅក្នុងលិខិតបញ្ចប់ការប្រកាសជាសាធារណៈដោយការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីបានជូនដំណឹងដល់លោក Gallant ថាអាណត្តិរបស់លោកនឹងបញ្ចប់ក្នុងរយៈពេល ៤៨ម៉ោង។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក នេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការជឿទុកចិត្តគ្នារវាងរដ្ឋមន្ត្រីការពារជាតិ និងខ្ញុំបានរលាយបាត់។ ភាពខុសគ្នាសំខាន់ៗបានកើតឡើងទាក់ទងនឹងការគ្រប់គ្រងយុទ្ធនាការយោធា អមដោយសេចក្តីថ្លែងការណ៍ និងសកម្មភាព ដែលផ្ទុយនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី”។

លោកបានបន្ថែមថាវិបត្តិនេះ “មិនអនុញ្ញាតឱ្យមានការបន្តត្រឹមត្រូវនៃការគ្រប់គ្រងយុទ្ធនាការយោធា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Israel Katz ដែលជាសហការីជិតស្និទ្ធរបស់លោក ណេតាន់យ៉ាហ៊ូ និងជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបច្ចុប្បន្ននឹងជំនួសតំណែងលោក Gallant ។  ការសម្រេចចិត្តនេះត្រូវបានជួបជាមួយនឹងការរិះគន់យ៉ាងទូលំទូលាយ ដោយសារតែបទពិសោធន៍យោធាជាន់ខ្ពស់របស់លោក Katz ថានៅមានកម្រិត៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top