ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បត្តិរបស់លោក Elon Musk កើនឡើង ២៦ពាន់លានដុល្លារ បន្ទាប់ពីលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិក

Afp

អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីពិភពលោក និងមហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk បានឃើញទ្រព្យសម្បត្តិរបស់លោកកើនឡើង ២៦.៥ពាន់លានដុល្លារ នៅថ្ងៃដែលលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក។

នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានប្រាប់ឲ្យដឹងថា ចំណែកនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើង ១៤.៧ ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ឆ្នាំ កាលពីថ្ងៃពុធ ដោយបានបន្ថែម ១១.៦ ភាគរយដល់ទ្រព្យសម្បត្តិរបស់លោកនាយកប្រតិបត្តិ។

ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២៩០ពាន់លានដុល្លារ លោក Musk នៅតែជាបុគ្គលដែលមានជាងគេបំផុតនៅលើពិភពលោក។ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងជិត ២៧ ភាគរយមកទល់ពេលនេះ។ Tesla ត្រូវបានគេជឿថា នឹងទទួលបានអត្ថប្រយោជន៍ពីតំណែងប្រធានាធិបតីរបស់លោក Trump ខណៈ ប្រធានាធិបតីជាប់ឆ្នោតបានសន្យាថានឹងធ្វើឲ្យលោក Musk ជាប្រធានគណៈកម្មការប្រសិទ្ធភាពរបស់រដ្ឋាភិបាល។

លោក Musk បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់លោក Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក ហើយបានចំណាយប្រាក់ជាង ១៣០ លានដុល្លារលើ America PAC ដែលជាគណៈកម្មាធិការនយោបាយ ដោយលោកបានបង្កើតឡើងដើម្បីជួយអតីតប្រធានាធិបតីក្នុងការដណ្តើមយកសេតវិមានឡើងវិញ។

Bloomberg ថា លោក Daniel Ives អ្នកវិភាគ Wedbush Securities បានសរសេរលើរបាយការណ៍មួយទៅកាន់អតិថិជនថា ភាពវិជ្ជមានដ៏ធំបំផុតពីការឈ្នះរបស់លោក Trump គឺសម្រាប់ក្រុមហ៊ុន Tesla និងលោក Musk ។ លោកបានបន្តថា ប្រសិនបើសហរដ្ឋអាមេរិកកាត់បន្ថយការលើកទឹកចិត្តពន្ធសម្រាប់រថយន្តអគ្គិសនី Tesla នឹងទទួលបានការប្រកួតប្រជែងជាងក្រុមហ៊ុនផលិតផ្សេងទៀត។

ក្រុមហ៊ុនផលិតរថយន្តបានប្រកាសពីការកើនឡើងប្រាក់ចំណេញពីមួយឆ្នាំទៅមួយឆ្នាំពី ៨ភាគរយ ដល់ ២.៥ពាន់លានដុល្លារក្នុងត្រីមាសទី៣ ដែលខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគ។ គូប្រជែងរបស់ក្រុមហ៊ុន Tesla បានឃើញភាគហ៊ុនធ្លាក់ចុះកាលពីថ្ងៃពុធ។ Rivian Automotive បានបាត់បង់ ១០ភាគរយ ហើយ Lucid Group បានធ្លាក់ចុះ ៨ភាគរយ៕

Most Popular

To Top