អាហ្សង់ទីន៖ អាជ្ញាធរអាហ្សង់ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៣នាក់ ត្រូវបានចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់តារាចម្រៀងក្រុម One Direction លោក Liam Payne ដែលបានធ្លាក់ពីលើយ៉រសណ្ឋាគារ Buenos Aires របស់លោកកាលពីខែមុន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
សាកសពរបស់លោក Payne ត្រូវបានប្រគល់ទៅឲ្យឪពុករបស់លោកឈ្មោះ លោក Geoff កាលពីចុងសប្តាហ៍ ហើយបានហោះហើរត្រឡប់ទៅប្រទេសកំណើតរបស់លោកវិញនៅអង់គ្លេស។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោក Geoff ត្រូវបានគេឃើញរួមជាមួយអង្គរក្ស One Direction លោក Paul Higgins នៅសណ្ឋាគារ CasaSur ជាកន្លែងដែលកូនប្រុសរបស់លោកបានស្លាប់។
អាជ្ញាធរបានបន្តថា អ្នកត្រូវបានចោទប្រកាន់ក្នុងការស្លាប់របស់លោក Payne រួមមានអ្នកជួញដូរគ្រឿងញៀនដែលសង្ស័យ បុគ្គលិកសណ្ឋាគារជាអ្នកផ្តល់ឲ្យ Payne នូវកូកាអ៊ីន និងមនុស្សម្នាក់ដជិតស្និទ្ធនឹងតារាចម្រៀង។ ទាំងអស់ត្រូវបានចោទប្រកាន់ពីបទអ្នកផ្តល់ឲ្យនូវថ្នាំញៀនឲ្យ Payne ដោយបុគ្គលិកសណ្ឋាគារត្រូវបានចោទប្រកាន់ថា បានផ្តល់ឲ្យលោក Payne កូកាអ៊ីនយ៉ាងហោចណាស់ ២ដង ក្នុងអំឡុងពេលស្នាក់នៅរបស់លោក ហើយឈ្មួញគ្រឿងញៀនត្រូវបានគេចោទប្រកាន់ថា បានផ្តល់ឲ្យគ្រឿងញៀន២ដងទៀត ២ ថ្ងៃមុនពេលលោកស្លាប់។
អាជ្ញាធរបានបញ្ជាក់ថា អ្នកដែលមកលេងជាមួយលោក Payne ក៏ត្រូវបានចោទប្រកាន់ពីបទបោះបង់ចោលមនុស្សម្នាក់ដែលបន្ទាប់មកស្លាប់។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកត្រូវបានចោទប្រកាន់មិនត្រូវបានបញ្ចេញឈ្មោះនោះទេ ប៉ុន្តែនឹងត្រូវបានជូនដំណឹង និងត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ។
ព្រះរាជអាជ្ញាបានបន្ថែមថា ការស៊ើបអង្កេតលើកាលៈទេសៈនៃការស្លាប់របស់លោក Payne នឹងបន្ត ដោយបន្ថែមថា ពួកគេនៅតែព្យាយាមដោះសោកុំព្យូទ័រយួរដៃដែលខូចរបស់តារាចម្រៀងរូបនេះ។ចំណែកសាក្សីបានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេបានឃើញលោក Payne វាយកុំព្យូទ័រយួរដៃរបស់លោកក្នុងបន្ទប់ទទួលភ្ញៀវរបស់សណ្ឋាគារ៕