ព័ត៌មានអន្តរជាតិ

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Olympus ត្រូវបានបញ្ជូនទៅព្រះរាជអាជ្ញា​ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀនខុសច្បាប់

AFP

តូក្យូ ៖ ប្រភពស៊ើបអង្កេតមួយបាននិយាយថា ករណីរបស់អតីតនាយកប្រតិបត្តិក្រុមហ៊ុន Olympus Corp លោក Stefan Kaufmann ដែលត្រូវបានចោទប្រកាន់ថា លោកបានទទួលថ្នាំញៀនខុសច្បាប់ ត្រូវបានបញ្ជូនទៅព្រះរាជអាជ្ញា ដោយប៉ូលីសទីក្រុងតូក្យូកាលពីថ្ងៃអង្គារហើយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ប្រភពដដែលបន្តថា លោក Kaufmann អាយុ ៥៦ ឆ្នាំត្រូវបានចោទប្រកាន់ថា បានកាន់កាប់កូកាអ៊ីន និងថ្នាំសំយោគ MDMA ជាច្រើនដងនៅទីក្រុងតូក្យូចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ដល់ខែកុម្ភៈឆ្នាំនេះ ។ លោកបានសារភាពចំពោះការចោទប្រកាន់នេះ។

ក្រុមហ៊ុនបាននិយាយនៅថ្ងៃទី ២៨ ខែតុលាថាលោក Kaufman បានលាលែងពីមុខតំណែង របស់លោក បន្ទាប់ពីក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផលិតឧបករណ៍ អុបទិកជប៉ុនបានស្នើសុំឲ្យលោកលាលែង ពីតំណែងចំពេលមានការចោទប្រកាន់ថា លោកបានទិញថ្នាំកម្សាន្ត។

ប៉ូលិសសង្ស័យថា លោកទទួលបានកូកាអ៊ីនពី ០,១ ទៅ ០,២ ក្រាម និងថ្នាំ MDMA មួយគ្រាប់រាល់ដង។ ប៉ូលីសបានឆែកឆេរលំនៅដ្ឋានរបស់ Kaufmann កាលពីខែមិថុនា ប៉ុន្តែរកមិនឃើញថ្នាំញៀនខុសច្បាប់ទេ ខណៈ អ្នកថតរូបអាយុ ៤៤ ឆ្នាំ លោក Takaaki Kaneko ត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ ពីបទសង្ស័យផ្តល់ថ្នាំញៀនដល់លោក Kaufmann ។

លោក Kaufmann មានដើមកំណើតមកពីប្រទេសអាឡឺម៉ង់ បានចូលរួមជាមួយអង្គភាពអ៊ឺរ៉ុបនៃក្រុមហ៊ុន Olympus ក្នុងឆ្នាំ ២០០៣ ហើយបានឡើងឋានៈ។ នៅខែមេសា ឆ្នាំ ២០២៣ លោកបានក្លាយជានាយកប្រតិបត្តិដំបូងគេ មិនមែនជាជនជាតិជប៉ុន របស់ Olympus ចាប់តាំងពីលោក Michael Woodford បានបង្ហាញពីការក្លែងបន្លំគណនេយ្យដ៏ធំ ក្នុងក្រុមហ៊ុនជាផ្នែកមួយ នៃអ្វីដែលគេហៅថា រឿងអាស្រូវ Olympus ត្រូវបានបណ្តេញចេញកាលឆ្នាំ ២០១១៕

Most Popular

To Top