កាក់ឌីជីថល Bitcoin កំពុងឡើងថ្លៃយ៉ាងគំហុក មានតម្លៃប្រមាណ ៩៨ ៩៨៨ ដុល្លារ ក្នុង១កាក់ ដែលបំបែករាល់កំណត់ត្រាខ្ពស់ ជាងពេលណាៗទាំងអស់ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ការឡើងថ្លៃដ៏លឿនរហ័ស នៃរូបិយបណ្ណអេឡិចត្រូនិច មានទម្រង់ជាកូដកុំព្យូទ័រ មិនអាចប៉ះបាននេះ ចាប់តាំងពីអំឡុង ចុងខែតុលា ឆ្នាំ២០២៤ ដែលកាលនោះវាមានតម្លៃ ត្រឹមតែ ៥៨ ៩៤៦ ដុល្លារ។ គួរបញ្ជាក់ដែរថា Bitcoin បានឡើងថ្លៃម្ដងបន្តិចៗ ចាប់តាំងពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ មក ដែលកាលនោះមានតម្លៃ ត្រឹមតែ ២៦ ៥៣៨ ដុល្លារ ប៉ុណ្ណោះ បើធៀបនឹងបច្ចុប្បន្ន គឺឡើងថ្លៃដល់ទៅ ប្រមាណ ២៦៩% ឯណោះ ។

សូមជម្រាបថា ការឡើងថ្លៃរបស់ Bitcoin គឺមានហេតុផលដ៏ច្រើនចាក់ស្រេះគ្នា ។ យោងតាមអ្នកវិភាគជាច្រើនពីបណ្ដាប្រភពសារព័ត៌មានល្បីៗ គេយល់ឃើញថា Bitcoin សម្រុកឡើងថ្លៃឥតឈប់ គឺព្រោះតែលទ្ធផលបោះឆ្នោតជ្រើសប្រធានាធិបតីអាមេរិក ជំនាន់ទី៤៧ បានទៅលើ លោក ដូណាល់ ត្រាំ ដែលប្រធានាធិបតីរូបនេះជាអ្នកគាំទ្រ និងវិនិយោគ Bitcoin មួយរូបផងដែរ។ ហេតុផលផ្សេងមួយទៀត គឺទាក់ទងនឹងលោក អេឡុន ម៉ាសក៍ ជាមហាសេដ្ឋីមានលុយច្រើនជាងគេនៅក្នុងពិភពលោក ដែលជាមនុស្សស្និទ្ធិនឹង លោក ត្រាំ និងថែមទាំងចេញមុខប្រកាសគាំទ្រលោកដូណាល់ ត្រាំ រហូតមក។ ហើយដោយ លោក អេឡុន ម៉ាសក៍ ក៏ជាអ្នកគាំទ្រ និងវិនិយោគ មាន Bitcoin ជាច្រើនក្ដោបក្ដាប់ក្នុងដៃ មនុស្សជាច្រើនក៏កាន់តែជឿជាក់ទៅលើកាក់ឌីជីថលមួយនេះ ។

ហេតុផលសំខាន់ដទៃទៀត ដែលគេបានមើលឃើញគឺ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ បញ្ហាសង្គ្រាម នៃតំបន់មជ្ឈិមបូព៌ា និងបញ្ហាសង្គ្រាមថ្មីៗនេះ រវាង អ៊ុយក្រែន និងរុស្ស៊ី ដែលបានបាញ់មីស៊ីលចម្ងាយឆ្ងាយ និងមីស៊ីលអន្តរទ្វីប ជាលើកដំបូង បន្ទាប់ពីសង្គ្រាមអូសបន្លាយអស់ជាង ១០០០ថ្ងៃ។

សូមជម្រាបថា រូបិយបណ្ណឌីជីថល Bitcoin ស្ថិតក្នុងវិស័យហានិភ័យមួយ និងមិនមានភាពច្បាស់លាស់ ដោយអ្នកជំនាញមិនណែនាំឱ្យវិនិយោគនោះឡើយ៕
