ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ សង្ស័យពុលមេតាណុល នៅឡាវកើនដល់៥នាក់ បន្ទាប់ពីអ្នកទេសចរ ជនជាតិ អង់គ្លេសស្លាប់ម្នាក់ទៀត

VN Express

ឡាវ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីផឹកស្រាមានមេរោគនៅប្រទេសឡាវ បានស្លាប់បាត់បង់ជីវិត ហើយជាជនបរទេសទី៥ ដែលគេសង្ស័យថា បានស្លាប់ក្នុងហេតុការណ៍នេះ ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Simone White អាយុ ២៨ ឆ្នាំជាមេធាវីមកពីភាគអាគ្នេយ៍ទីក្រុងឡុងដ៍ ស្ថិតក្នុងចំណោមអ្នកទេសចរ ដែលបានស្លាប់ បន្ទាប់ពីទទួលទានភេសជ្ជៈ មានជាតិមេតាណុល ជាជាតិអាល់កុលពុល។

ក្រសួងការបរទេសរបស់ចក្រភព អង់គ្លេសបាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា យើងកំពុងជួយដល់គ្រួសារ របស់ស្ត្រីជនជាតិអង់គ្លេសបានស្លាប់នៅក្នុងប្រទេសឡាវ ហើយយើងកំពុងទាក់ទងជាមួយអាជ្ញាធរក្នុងតំបន់ ។
អ្នកទេសចរ៤នាក់ផ្សេងទៀត ជនជាតិអូស្ត្រាលីម្នាក់ ជនជាតិ Danes ២ នាក់ និងជនជាតិអាមេរិកម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុនៅ Vang Vieng ជាទីក្រុងមួយក្នុងប្រទេស អាស៊ីអាគ្នេយ៍ដែលពេញ និយមដោយអ្នកទេសចរបរទេស។

ការក្លែងបន្លំម៉ាកស្រាល្បីៗ និងស្រា ដែលផលិតតាមផ្ទះ ជាបញ្ហានៅប្រទេសឡាវ ដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងអង់គ្លេសបានព្រមានពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ននៅពេលទទួល ទានភេសជ្ជៈនៅទីនោះ៕

Most Popular

To Top