ព័ត៌មានអន្តរជាតិ

អាមេរិក នឹង​ដាក់​ពង្រាយ​អង្គភាព កាំជ្រួច​មីស៊ីល ​ទៅ​កាន់​កោះ​មួយនៅជប៉ុន ក្នុង​គ្រា​អាសន្ន​របស់​តៃវ៉ាន់

AFP

វ៉ាស៊ីនតោន ៖ យោធាអាមេរិកនឹងបង្កើតមូលដ្ឋានបណ្ដោះអាសន្ន នៅតាមខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេសជប៉ុន និងហ្វីលីពីន ដើម្បីដាក់ពង្រាយអង្គភាព កាំជ្រួចមីស៊ីលនៅក្នុងព្រឹត្តិការណ៍ នៃឧប្បត្តិហេតុតៃវ៉ាន់ នេះបើតាមប្រភព ដែលស្គាល់ពីទំនាក់ទំនងជប៉ុន-អាមេរិក។

ការដាក់ពង្រាយអង្គភាពកាំជ្រួចមីស៊ីលនេះ នឹងត្រូវដាក់បញ្ចូលក្នុងផែនការ ប្រតិបត្តិការរួមគ្នាលើកដំបូង សម្រាប់សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់នឹងភាពអាសន្នពាក់ព័ន្ធនឹងតៃវ៉ាន់ និងចិន ដែលចាត់ទុកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាកម្មសិទ្ធិរបស់ខ្លួន ដែលនឹងត្រូវបង្កើតនៅខែធ្នូ។

យោងតាមប្រភពបានឱ្យដឹងថា កងវរសេនាធំទាហានម៉ារីនអាមេរិក ដែលមានប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ បាញ់បង្ហោះច្រើនដង នឹងត្រូវដាក់ពង្រាយតាមខ្សែសង្វាក់កោះ ដែលលាតសន្ធឹងពីខេត្ត Kagoshima និង Okinawa របស់ជប៉ុន ឆ្ពោះទៅកាន់កោះតៃវ៉ាន់ ។

ចាប់ពីដំណាក់កាលដំបូង នៅពេលដែលការប្រឈមមុខដាក់គ្នា របស់តៃវ៉ាន់កាន់តែជិតមកដល់ មូលដ្ឋានបណ្ដោះអាសន្ន នឹងត្រូវបានបង្កើតឡើង នៅលើកោះដែលមានមនុស្ស រស់នៅនៃខ្សែសង្វាក់កោះនេះ ដោយផ្អែកលើគោលការណ៍ណែនាំយោធា របស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ជូនកងម៉ារីន ក្នុងទម្រង់តូចៗទៅកាន់ទីតាំងជាច្រើន។

កងកម្លាំងស្វ័យការពារជប៉ុន ត្រូវបានគេរំពឹងថា នឹងចូលរួមជាចម្បងក្នុងការគាំទ្រ ផ្នែកដឹកជញ្ជូនសម្រាប់អង្គភាពសមុទ្រ រួមទាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងគ្រាប់រំសេវ។

កងទ័ពអាមេរិកនឹងដាក់ពង្រាយអង្គភាពបាញ់ ចម្ងាយឆ្ងាយរបស់ Multi-Domain Task Force នៅក្នុងប្រទេសហ្វីលីពីន ដោយ MDTF ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ដំណើរការ​ក្នុង​បរិយាកាស​ពហុដែន​ រួម​ទាំង​ដែនអាកាស ដី ទឹក លំហ អ៊ីនធឺណិត និង​ព័ត៌មាន ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top