ហ្សាកាតា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានច្រានចោលសំណើ វិនិយោគចំនួនទឹកប្រាក់ ១០០ លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងគោលបំណងលុបចោលការហាម ឃាត់ការលក់ iPhone 16 ដោយនិយាយថា វាខ្វះ ភាពយុត្តិធម៌ ដែលទាមទារដោយរដ្ឋាភិបាល។
ប្រទេសឥណ្ឌូនេស៊ី កាលពីខែមុនបានហាមឃាត់ការធ្វើទីផ្សារ និងការលក់ម៉ូដែល iPhone 16 ជុំវិញការខកខានរបស់ក្រុមហ៊ុន Apple សម្រាប់ការបំពេញ តាមបទប្បញ្ញត្តិវិនិយោគ ក្នុងស្រុក តម្រូវឲ្យ ៤០ ភាគរយ នៃទូរស័ព្ទត្រូវបានផលិតចេញ ពីផ្នែកក្នុងស្រុក ខណៈប្រទេសនេះស្វែងរកការជំរុញ ការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។
បន្ទាប់ពីការហាមប្រាម Apple បានផ្តល់ការបង្កើនការវិនិយោគរបស់ខ្លួននៅប្រទេសឥណ្ឌូនេស៊ីចំនួន ១០០ លានដុល្លារ ដើម្បីអនុញ្ញាតឲ្យទូរស័ព្ទថ្មីនេះលក់ក្នុងស្រុកវិញ។
ប៉ុន្តែរដ្ឋមន្ត្រីឧស្សាហកម្មលោក Agus Gumiwang Kartassmita បាននិយាយថា Apple មិនបានបំពេញតាមតម្រូវការរបស់រដ្ឋាភិបាលនោះទេ ជាពិសេសបើប្រៀបធៀប ទៅនឹងការវិនិយោគ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ក្នុងប្រទេសផ្សេងទៀត ។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទថា បច្ចុប្បន្នក្រុមហ៊ុន Apple នៅតែមិនបានវិនិយោគលើរោងចក្រផលិត ឬរោងចក្រក្នុងប្រទេសឥណ្ឌូនេស៊ី។ លោកបានបន្តថា ក្រសួងបានជំរុញឲ្យ Apple បង្កើតរោងចក្រផលិត ឬរោងចក្រជាបន្ទាន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយផ្អែកលើគោលការណ៍យុត្តិធម៌ ដូច្នេះក្រុមហ៊ុនមិនចាំបាច់ដាក់សំណើគម្រោងវិនិយោគរៀងរាល់៣ឆ្នាំម្តង។
ទោះបីជាមានការហាមឃាត់ការលក់ក៏ដោយ ក៏រដ្ឋាភិបាលឥណ្ឌូនេស៊ីនៅតែអនុញ្ញាតឲ្យយក iPhone 16 ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប្រសិនបើពួកគេមិនត្រូវបានធ្វើពាណិជ្ជកម្ម។ រដ្ឋាភិបាលប៉ាន់ប្រមាណថាប្រហែល ៩,០០០ គ្រឿងនៃម៉ូដែលថ្មីបានចូលប្រទេសតាមរបៀបនោះ។
ប្រទេសឥណ្ឌូនេស៊ីក៏បានហាមឃាត់ការលក់ទូរស័ព្ទ Google Pixel សម្រាប់ការខកខានមិនបានបំពេញតម្រូវការផ្នែក ៤០ ភាគរយ។ ទូរស័ព្ទ Google Pixel ប្រហែល២២,០០០ គ្រឿងបានចូលប្រទេសក្នុងឆ្នាំនេះ ទោះបីជាមានការហាមឃាត់ក៏ដោយ៕