បរទេស៖ មហាសេដ្ឋីអាមេរិក លោក Elon Musk ដែលជាទីប្រឹក្សារបស់លោក Trump បាននិយាយថា យន្តហោះចម្បាំង F-35 គឺជាការរចនាដ៏អាក្រក់ ហើយលោកបានរិះគន់ “មនុស្សល្ងីល្ងើ” មួយចំនួន ដែលនៅតែបង្កើតយន្តហោះចម្បាំងនេះ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានចែករំលែកវីដេអូមួយកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ដែលបង្ហាញពីហ្វូងយន្តហោះគ្មានមនុស្សបើកដែលកំពុងប្រតិបត្តិការរួមគ្នា។ លោកបានសរសេរនៅក្នុងសារបង្ហោះ អមដោយរូបតំណាងធុងសំរាមថា “ទន្ទឹមនឹងនោះ មនុស្សល្ងីល្ងើមួយចំនួននៅតែផលិតយន្តហោះចម្បាំងបើកបរដោយមនុស្សដូច F-35″។
នៅក្នុងផ្នែកមតិយោបល់ខាងក្រោមអត្ថបទ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានអះអាងថា F-35 អាចហោះហើរបានខ្ពស់ជាង ឆ្ងាយ និងលឿនជាងយន្តហោះគ្មានមនុស្សបើក ក៏ដូចជាអាចផ្ទុកអាវុធទំនើបៗជាច្រើន។
លោកថា “យន្តហោះ F-35 ត្រូវបានរចនាឡើងយ៉ាងអាក្រក់តាំងពីដំបូងមកម្ល៉េះ ព្រោះវាត្រូវបានគេស្នើសុំឱ្យធ្វើកិច្ចការច្រើនពេកសម្រាប់កម្លាំងច្រើនពេក។ វាធ្វើឱ្យវាមានតម្លៃថ្លៃ និងស្មុគស្មាញ ធ្វើកិច្ចការច្រើនហួសហេតុពេក ប៉ុន្តែមិនល្អឥតខ្ចោះនោះទេ។ គម្រោងនេះមិនអាចជោគជ័យបានទេ។ យន្តហោះចម្បាំងដែលមានមនុស្សជិះបានក្លាយជាហួសសម័យ ក្នុងយុគសម័យនៃយន្តហោះគ្មានមនុស្សបើក F-35 អាចនឹងសម្លាប់អ្នកបើកយន្តហោះមុនពេលកំណត់ថែមទៀត»។
មហាសេដ្ឋី Elon Musk ក៏បានបញ្ជាក់ដែរថា យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ អាចបំពេញភារកិច្ចដូចជា ទម្លាក់គ្រាប់បែក និងបាញ់មីស៊ីល ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកយន្តហោះនោះទេ៕