ឥណ្ឌូណេស៊ី ៖ ការិយាល័យអន្តោប្រវេសន៍ របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ខ្លួនបានប្រគល់ជន រត់គេចខ្លួនមានបញ្ជីឈ្មោះ Interpol ទៅឲ្យអាជ្ញាធរហ្វីលីពីន កាលពីថ្ងៃអង្គារ បន្ទាប់ពីជនល្មើស ត្រូវបានចោទប្រកាន់ពីបទ បោកប្រាស់ មនុស្សរាប់ពាន់នាក់ ពី ៦៨ លានដុល្លារ ក្នុងគម្រោងទាក់ទង នឹងកាស៊ីណូ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាមគណៈកម្មការមូលបត្រហ្វីលីពីន បាននិយាយថា លោក Hector Aldwin Liao Pantollana បានចូលរួមក្នុងគម្រោង Ponzi ដោយសន្យាថា នឹងទទួលបានប្រាក់ចំណូលខ្ពស់ សម្រាប់ការវិនិយោគនៅក្នុងឧស្សាហកម្មកាស៊ីណូ ដែលជ្រើសរើសអ្នកលេងល្បែងខ្ពស់ ដើម្បីលេងល្បែង។ ការចោទប្រកាន់ឧក្រិដ្ឋកម្មត្រូវបានដាក់ប្រឆាំងនឹងលោក Pantollana កាលខែឧសភា ប៉ុន្តែអាជ្ញាធរហ្វីលីពីនបាននិយាយថា លោកបានភៀសខ្លួនចេញពីប្រទេសជាយូរមកហើយ។
លោក Saffar Muhammad Godam អគ្គនាយកស្តីទីនៃការិយាល័យអន្តោប្រវេសន៍ ឥណ្ឌូនេស៊ី បាននិយាយថា លោក Pantollana ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ៩ ខែវិច្ឆិកា នៅលើកោះ Bali ដែលជារមណីយដ្ឋានវិស្សមកាលរបស់ប្រទេសឥណ្ឌូនេស៊ី ខណៈលោក Pantollana ព្យាយាមឡើងយន្តហោះទៅកាន់ទីក្រុងហុងកុង។
លោក Saffar បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានការចូលរួមដោយលេខាធិការការិយាល័យក្នុងស្រុករបស់ Interpol ថា តាមទិន្នន័យ យើងបានរកឃើញថា លោក Pantollana បានចូលប្រទេសឥណ្ឌូនេស៊ីតាមរយៈអាកាសយានដ្ឋាន អន្តរជាតិ Ngurah Rai កាលពីថ្ងៃទី ១០ ខែតុលា ។
លោក Saffar បានបញ្ជាក់ថា ជនរត់គេចខ្លួន ដែលចង់បានក្នុងបញ្ជីក្រហមរបស់ Interpol ត្រូវបានប្រគល់ទៅស្ថានទូតហ្វីលីពីនកាលពីថ្ងៃអង្គារ ហើយនឹងត្រូវធ្វើដំណើរត្រឡប់ ទៅផ្ទះវិញនៅថ្ងៃពុធ ៕