ព័ត៌មានអន្តរជាតិ

ការប្រើប្រាស់ថ្នាំប៉ារ៉ា ច្រើនពេកនាំឲ្យមាន ជំងឺមហារីកគ្រាប់ឈាម

By Shanley Pierce

ការសិក្សា របស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំ ប៉ារ៉ាសេតាមុល ជាប្រចាំ នឹងមានអាត្រាប្រឈម នឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផល នៃការសិក្សាទៅលើអ្នកជំងឺមហារីកគ្រាប់ឈាម ម្នាក់ៗ មានការណែនាំថាជាតិថ្នាំ អាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយឡែក ការសិក្សាថ្មីដែលយោង ទៅតាមការធ្វើតេសទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរស និងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥ ០០០នាក់ ដោយពួកគេបានប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំ ព្រមទាំងមានការពិនិត្យនឹងតាមដានស្ថានភាពសុខភាពយ៉ាងច្បាស់លាស់ ។

លទ្ធផលបានបង្ហាញឲ្យឃើញថា អ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយ កើតជំងឺមហារីក ពាក់ព័ន្ធនឹងកោសិកាឈាម ដូចជាមហារីកក្រពេញទឹករង៉ៃ ដែលកើតឡើងដោយភាពខុសប្រក្រតីរបស់ខួរឆ្អឹង។

ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកស្ម័គ្រចិត្តចំនួនជាង៩ភាគរយ ក្នុងក្រុមដែលមានជំងឺមហារីក ធ្លាប់ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹង អ្នកមិនកើតជំងឺមហារីក មានតែ ៥ភាគរយប៉ុណ្ណោះ។ នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺ មហារីកគ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំសេតាមុលជាប្រចាំ មានអត្រាប្រឈមនឹងជំងឺមហារីកគ្រាប់ឈាម កើនឡើងខ្ពស់ ដល់ទៅជិត២ដងឯណោះ ។

ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់មានការពិសោធន៍ទេ ថាជាតិ ថ្នាំអាសេតាមីណូហ្វេន គឺជាមូលហេតុនៃជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សាបន្ថែមទៀត មុននឹងយកលទ្ធផលស្រាវជ្រាវនេះទៅពិចារណាក្នុងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទនេះ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top