HELSINKI៖ មេដឹកនាំនៃប្រទេស Nordic និង Baltic បានចូលរួមដោយមាននាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានសម្តែងការបន្ត និងពង្រីកការគាំទ្ររបស់ពួកគេដល់ប្រទេសអ៊ុយក្រែន ។
គួរបញ្ជាក់ថា ការសន្យានេះត្រូវបានធ្វើឡើងនៅគ្រាដែលនាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ ណ័រវេសន៍ ប៉ូឡូញ និងស៊ុយអែត រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាតវី បានចាប់ផ្តើមកិច្ចប្រជុំរយៈពេល០២ថ្ងៃនៅ Harpsund ដែលជានិវេសដ្ឋាន របស់នាយករដ្ឋមន្ត្រីស៊ុយអែត ។ លោក Tusk បានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាភ្ញៀវ ខណៈដែលប្រធានាធិបតី បារាំង លោក Emmanuel Macron បានចូលរួមក្នុងការជជែកដេញ ដោលតាមរយៈតំណភ្ជាប់ទូរស័ព្ទ ។
លោក Ulf Kristersson នាយករដ្ឋមន្ត្រីស៊ុយអែត បានប្រាប់ដល់សន្និសីទ សារព័ត៌មានរួមមួយកាលពីថ្ងៃពុធថា បណ្តាប្រទេសនានាបានយល់ព្រមបង្កើន ការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែន ថែមទាំងតាមរយៈការជំរុញឧស្សាហកម្មការពារជាតិ របស់អ៊ុយក្រែន និងដោយការផ្តល់នូវគ្រាប់រំសេវបន្ថែមទៀតផងដែរ ។
លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក បានថ្លែងថា នឹងមានការវិនិយោគផ្ទាល់នៅក្នុងឧស្សាហកម្មការពារជាតិនៅអ៊ុយក្រែន ។ លោកស្រីបានលើកឡើងទៀតថា ជំនួយដល់អ៊ុយក្រែនមិនត្រូវប្រឈមមុខនឹងការរឹតបន្តឹងណាមួយឡើយ ។
នៅគ្រាដែលត្រូវបានគេចោទសួរ អំពីការថយចុះ ដែលអាចកើតមាននៅក្នុងការគាំទ្រ របស់សហរដ្ឋអាមេរិកស្ថិតក្រោមការគ្រប់គ្រង របស់លោក ត្រាំ ដែលចូលមកកាន់ មុខតំណែងនោះ លោក Tusk បានលើកឡើងថា អឺរ៉ុបគួរតែត្រូវបានរៀបចំ ដើម្បីជំនួសយ៉ាងហោចណាស់ដែលជាផ្នែករបស់ខ្លួន ដោយកំណត់នេះជាឱកាសមួយដើម្បីបង្កើនសន្តិសុខអឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា