ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអូស្រ្តាលី ៖ ការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្តល់ឱ្យក្រុមហ៊ុនទទួលខុសត្រូវក្នុងការការពារកុមារ

kyodo

កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្រកាសថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមានទំនួលខុសត្រូវសង្គមដើម្បីការពារកុមារ បន្ទាប់ពីសភាបានអនុម័តច្បាប់ហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់វេទិការបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ។

លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកង់បេរ៉ាឲ្យដឹងថា ច្បាប់ទីមួយរបស់ពិភពលោក ដែលហាមប្រាមអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំពីការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងធានាសុវត្ថិភាពរបស់យុវជនអូស្ត្រាលី។ លោកបានលើកឡើងថា “វេទិកាឥឡូវនេះមានទំនួលខុសត្រូវសង្គម ដើម្បីធានាសុវត្ថិភាពរបស់កុមាររបស់យើង គឺជាអាទិភាព សម្រាប់ពួកគេ”។

ព្រឹទ្ធសភាអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តច្បាប់ហាមប្រាមកុមារអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយដាក់ឱ្យប្រទេសអូស្ត្រាលី ក្លាយជាប្រទេសដំបូងគេដែលអនុម័តច្បាប់បែបនេះ ខណៈដែលរដ្ឋាភិបាលទូទាំងពិភពលោក ស្វែងរកការការពារយុវជនពីហានិភ័យសុខភាពផ្លូវចិត្ត និងរាងកាយ ដែលបង្កឡើងដោយគេហទំព័របណ្តាញសង្គម។

ច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម “ចាត់វិធានការសមស្រប” ដើម្បីការពារអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំពីការបង្កើត ឬកាន់កាប់គណនីនៅលើវេទិកាដូចជា TikTok, Facebook, Snapchat, Instagram, Reddit និង X ឬប្រឈមនឹងការផាកពិន័យរហូតដល់ ៤៩,៥49.5លានដុល្លារអូស្ត្រាលី ( ៣២លានដុល្លារ) ។

អ្នកប្រើប្រាស់ និងឪពុកម្តាយរបស់ពួកគេនឹងមិនត្រូវបានពិន័យ សម្រាប់ការរំលោភលើការកំណត់អាយុដោយច្បាប់នោះទេ ជាមួយនឹងទំនួលខុសត្រូវត្រូវបានដាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកកាន់គណនី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ច្បាប់នេះត្រូវបានណែនាំកាលពីមួយសប្តាហ៍មុនដោយរដ្ឋាភិបាលការងាររបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese ទទួលបានការគាំទ្រជាសាធារណៈ និងការគាំទ្រយ៉ាងទូលំទូលាយពីប្លុកប្រឆាំងដ៏សំខាន់ គឺសម្ព័ន្ធ Liberal-National ដែលអនុញ្ញាតឱ្យមានការអនុម័តយ៉ាងឆាប់រហ័សតាមរយៈសភាតំណាងរាស្រ្តកាលពីថ្ងៃពុធ និងព្រឹទ្ធសភានៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

សភាត្រូវបានគេរំពឹងថា នឹងអនុម័តវិសោធនកម្មរបស់គណបក្សប្រឆាំងដែលបានធ្វើឡើងនៅក្នុងព្រឹទ្ធសភានៅថ្ងៃសុក្រក្នុងទម្រង់ចុងក្រោយមុនពេលច្បាប់នេះចូលជាធរមាន។ នៅក្រោមច្បាប់ដែលនឹងចូលជាធរមានក្នុងរយៈពេលមួយឆ្នាំយ៉ាងឆាប់បំផុត ដើម្បីអនុញ្ញាតឱ្យមានពេលវេលារៀបចំវេទិកា សេវាកម្មផ្ញើសារ និងសេវាកម្មដែលផ្តល់ជំនួយផ្នែកអប់រំ ឬសុខភាពសម្រាប់កុមារនឹងត្រូវបានដកចេញពីការហាមឃាត់ ដោយផ្តល់ការទំនាក់ទំនងក្នុងគ្រួសារ និងសុខុមាលភាពរបស់កុមារ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top