សិង្ហបុរី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ខ្សែបម្រើជម្រើសជាតិថៃ Ben Davis ត្រូវបានចោទប្រកាន់ ពីបទរំលោភលើការបម្រើជាតិ របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ហើយអាចនឹងត្រូវចាប់ខ្លួន ប្រសិនបើរូបគេទៅទីនោះចូលរួមជាក្រុមបាល់ទាត់ជម្រើសថៃ ក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ AFF Cup 2024 ។
យោងតាមកាសែត The Straits Times បានប្រាប់ឲ្យដឹងថា កីឡាករ Davis ស្ថិតក្នុងបញ្ជីកីឡាករថៃចំនួន ២៦ នាក់សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ AFF Cup 2024 នឹងគ្រោងប្រកួតក្រៅដីនៅប្រទេសសិង្ហបុរី នៅថ្ងៃទី ១៧ ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះប្រឈមនឹងការចាប់ខ្លួន ដោយសារតែលោកមិនទាន់ បានបញ្ចប់ការបម្រើជាតិរបស់លោកក្រោមច្បាប់សិង្ហបុរី ។
កាសែតនេះបានបន្តថា សមាគមបាល់ទាត់ថៃ និងលោក Ben Davis បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ នៅពេលដែលបានទាក់ទង។ ហេតុការណ៍នេះត្រូវបានលើកឡើង នៅពេលប្រទេសថៃកំពុងរៀបចំការប្រកួត AFF Cup 2020 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីកាលឆ្នាំ ២០២១ ។ កីឡាករ Davis ស្ថិតក្នុងបញ្ជីបឋម ប៉ុន្តែគ្រូបង្វឹករបស់ប្រទេសថៃ លោក Mano Polking បានសម្រេចចិត្តមិនហៅលោក។
កីឡាករ Davis កើតនៅភូកេតក្នុងឆ្នាំ ២០០០ មានម្តាយជនជាតិថៃ និងឪពុកជនជាតិអង់គ្លេស។ លោកបានផ្លាស់ទៅប្រទេសសិង្ហបុរីជាមួយគ្រួសាររបស់លោក នៅពេលលោកមានអាយុ ៥ ឆ្នាំ ហើយបានក្លាយជាពលរដ្ឋសិង្ហបុរី ៤ ឆ្នាំក្រោយមក។
ខ្សែបម្រើរូបនេះលេងឲ្យក្រុម U16 និង U19 សិង្ហបុរី។ ពេលនោះលោកត្រូវបានកោះហៅឲ្យចូលជម្រើសជាតិក្នុងឆ្នាំ ២០១៨ ប៉ុន្តែមិនបានចូលលេងទេ។ មួយឆ្នាំមុន កីឡាករ Davis បានក្លាយជាកីឡាករសិង្ហបុរីដំបូងគេដែលបានចុះកិច្ចសន្យាអាជីពជាមួយក្លឹបនៅ Premier League គឺ Fulham ។ កីឡាករ Davis បានដាក់ពាក្យសុំទៅក្រសួងការពារជាតិរបស់ Singapre សម្រាប់ការពន្យាពេលបម្រើជាតិ ប៉ុន្តែត្រូវបានច្រានចោល៕