ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ថ្លែងថា អ៊ុយក្រែន បានត្រៀមខ្លួនរួចហើយ ដើម្បីបញ្ចប់ជម្លោះជាមួយនឹងរុស្ស៊ី ជាថ្នូរនឹងការចូលជាសមាជិកភាព ជាមួយអង្គការ NATO

AFP

កៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine រាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា អ៊ុយក្រែនបានត្រៀមខ្លួនដើម្បីបញ្ចប់ “ដំណាក់កាលដ៏ក្តៅគគុក” នៃជម្លោះជាមួយនឹងរុស្ស៊ី ជាថ្នូរនឹងការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO) ។
លោក Zelensky ត្រូវបានដកស្រង់សម្តីដែលបានលើកឡើង ដូច្នេះថា “ប្រសិនបើយើងចង់បញ្ឈប់ដំណាក់ កាលដ៏ក្តៅគគុកនៃសង្រ្គាម យើងត្រូវដាក់ទឹកដីអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់យើងឲ្យនៅក្រោមឆ័ត្រនៃអង្គការ NATO ហើយយើងត្រូវធ្វើរឿងឱ្យបានឆាប់រហ័សបំផុត” ។

លោក Zelensky បានថ្លែងថា បន្ទាប់មក អ៊ុយក្រែន អាចទទួលបានមកវិញនូវទឹកដី ដែលនាពេលឥឡូវនេះត្រូវបានគ្រប់គ្រងដោយរុស្ស៊ី តាមវិធីការទូត ។

លោកបានកត់សម្គាល់ដែរថា ការអញ្ជើញរបស់អង្គការ NATO គួរទទួលស្គាល់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន ។

លោក Zelensky បានសង្កត់ធ្ងន់ផងដែរថា បទឈប់បាញ់ គឺជាការចាំបាច់ដើម្បីធានាថា រុស្ស៊ី “មិនត្រឡប់មកវិញ” ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនបន្តទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top