ព័ត៌មានអន្តរជាតិ

អង់គ្លេស និងអាមេរិក កំពុងស៊ើបអង្កេត ករណីប្រទះឃើញ យន្តហោះគ្មានមនុស្ស បើកជាច្រើនគ្រឿង លើមូលដ្ឋានយោធាអាមេរិក ចំនួនបួននៅក្នុង ចក្រភពអង់គ្លេស

AFP

បរទេស៖ អាជ្ញាធរអង់គ្លេស និងអាមេរិក កំពុងស៊ើបអង្កេត បន្ទាប់ពីយន្តហោះគ្មានមនុស្ស បើកជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហោះហើរលើមូលដ្ឋាន យោធា អាមេរិកចំនួនបួន នៅក្នុងចក្រភពអង់គ្លេស ។ អង់គ្លេសបានដាក់ពង្រាយ ទាហានរាប់ សិបនាក់ ជុំវិញមូលដ្ឋានទ័ព ចំពេលមានការព្រួយបារម្ភថា ការហោះហើរឆ្លង ព្រំដែន អាចជាទង្វើបោកបញ្ឆោត ឬការបំផ្លិចបំផ្លាញ ដោយសត្រូវដូចជារុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ កងកម្លាំងអាកាស សហរដ្ឋអាមេរិក នៅអឺរ៉ុបបាននិយាយថា “ប្រព័ន្ធអាកាសគ្មាន មនុស្សបើកតូចៗ នៅតែបន្តត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ជុំវិញ និងពីលើមូលដ្ឋានទ័ព Royal Air Force Lakenheath, RAF Mildenhall, RAF Feltwell និង មូលដ្ឋានទ័ព RAF Fairford ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា”។ កងកម្លាំងអាកាសសហរដ្ឋអាមេរិក បាននិយាយទៀតថា ចំនួននៃយន្តហោះគ្មានមនុស្សបើក បានមើលឃើញ មានការប្រែប្រួល និងទាំងទំហំ និង ការកំណត់រចនាសម្ព័ន្ធ ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ភាគីអាមេរិកបន្តថា «រហូតមកដល់ពេលនេះ អ្នកដឹកនាំការមូលដ្ឋាន បានកំណត់ថា គ្មានការញុះញង់ណាមួយប៉ះពាល់ ដល់អ្នករស់នៅមូលដ្ឋាន គ្រឿងបរិក្ខារ ឬទ្រព្យសម្បត្តិនោះទេ ។ កងកម្លាំងអាកាសកំពុង ចាត់វិធានការសមស្រប ទាំងអស់ ដើម្បីការពារមូលដ្ឋាន ទ័ពដែលបានរៀបរាប់ខាងលើ និងអ្នករស់នៅ របស់ពួកគេ”។

មូលដ្ឋានទ័ព RAF Lakenheath នៅភាគខាងកើតអង់គ្លេស គឺជាផ្ទះរបស់កងទ័ពអាមេរិក US Air Force 48th Fighter Wing ដែលជាមូលដ្ឋានគ្រឹះ នៃសមត្ថភាពប្រយុទ្ធ របស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប និងជាកន្លែងសម្រាប់ យន្តហោះចម្បាំង បំបាំងកាយ F-35 ជាច្រើនគ្រឿង ក្នុងចំណោម យន្តហោះដទៃទៀត ។ យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-52 របស់អាមេរិក ចំនួន៤គ្រឿង បច្ចុប្បន្នមានមូលដ្ឋាននៅ RAF Fairford នៅភាគខាងលិច នៃប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top