វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងតែងតាំងលោក Kash Patel ជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បន្ទាប់ ដែលមានបំណងជំនួសតំណែងនាយកបច្ចុប្បន្នលោក Christopher Wray មុនពេលអាណត្តិរបស់លោក Wray បញ្ចប់។
លោក ត្រាំ បានបង្ហោះនៅលើវេទិកាសង្គមរបស់គាត់ Truth Social ឲ្យដឹងថា “ខ្ញុំមានមោទនភាពក្នុងការប្រកាសថា លោក Kashyap ‘Kash’ Patel នឹងបម្រើការជានាយកបន្ទាប់នៃការិយាល័យស៊ើបអង្កេតសហព័ន្ធ។ លោក Kash គឺជាមេធាវីដ៏អស្ចារ្យ អ្នកស៊ើបអង្កេត និងជាអ្នកប្រយុទ្ធ ‘America First’ ដែលបានចំណាយពេលអាជីពរបស់លោក ក្នុងការលាតត្រដាងអំពើពុករលួយ ការពារយុត្តិធម៌ និងការពារប្រជាជនអាមេរិក” ។
លោក ត្រាំ បានតែងតាំងលោក Wray ក្នុងឆ្នាំ២០១៧ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនមុនពេល ត្រាំ ចាកចេញពីតំណែងនៅឆ្នាំ២០២១។ គំនិតរបស់លោក ត្រាំ ចំពោះ FBI កាន់តែអាក្រក់បន្ទាប់ពីការវាយឆ្មក់នៅខែសីហា ឆ្នាំ២០២២ លើរមណីយដ្ឋាន Mar-a-Lago របស់លោក និងការចោទប្រកាន់ជាបន្តបន្ទាប់របស់លោក សម្រាប់ការចោទប្រកាន់ថា បានរក្សាទុកនូវឯកសារដែលបានចាត់ថ្នាក់។
សម្រាប់លោក Patel ដើម្បីទទួលតួនាទីនេះ លោក Wray នឹងចុះចេញពីតំណែងដោយស្ម័គ្រចិត្ត ឬត្រូវបានលោក ត្រាំ បណ្តេញចេញពីតំណែង មុនពេលអាណត្តិរបស់លោកបញ្ចប់នៅឆ្នាំ២០២៧។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ លោក Patel បានបម្រើការជាប្រធានបុគ្គលិកនៅក្រសួងការពារជាតិសហរដ្ឋអាមេរិក អនុប្រធានផ្នែកស៊ើបការណ៍សម្ងាត់ជាតិ និងជានាយកជាន់ខ្ពស់ផ្នែកប្រឆាំងអំពើភេរវកម្មនៅក្រុមប្រឹក្សាសន្តិសុខជាតិ។
ប្រភពជាច្រើនដែលដឹងពីដំណើរការផ្លាស់ប្តូររបស់លោក ត្រាំ ពីមុនបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីលទ្ធភាពដែលលោក Patel ត្រូវបានតែងតាំងជានាយក FBI – “តួនាទីដែលលោកនឹងមានសិទ្ធិអំណាចដ៏ធំធេងក្នុងការស៊ើបអង្កេតសត្រូវនយោបាយរបស់ប្រធានាធិបតី ជួយបែងចែកព័ត៌មានរសើប និងអនុវត្តការបោសសំអាតនៃអាជីពមន្ត្រីរាជការ” នេះបើយោងតាមសេចក្ដីរាយការណ៍របស់ CNN៕
ប្រែសម្រួល ឈូក បូរ៉ា