បរទេស៖ មេទ័ពជើងទឹកឥណ្ឌា ឧត្តមនាវី Dinesh K. Tripathi បានទទួលស្គាល់ការពង្រីកកងទ័ពជើងទឹក “គួរឱ្យភ្ញាក់ផ្អើល” របស់ប៉ាគីស្ថាន ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ដោយលោកអះអាងថា ទីក្រុងអ៊ីស្លាម៉ាបាដ កំពុងផ្តល់អាទិភាពដល់ “អាវុធលើការឧបត្ថម្ភធន”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន នៅទីក្រុង New Delhi កាលពីថ្ងៃចន្ទ លោក Tripathi បានកត់សម្គាល់ ពីការរីកចម្រើន យ៉ាងឆាប់រហ័សថា “យើងដឹងអំពីការ រីកចម្រើនដ៏ គួរឱ្យភ្ញាក់ផ្អើល នៃកងទ័ពជើងទឹកប៉ាគីស្ថាន ។ ពួកគេមានបំណងក្លាយជាកម្លាំងកប៉ាល់ចំនួន ៥០គ្រឿង នៅទសវត្សរ៍ក្រោយ»។
លោកបានបន្តថា “ដោយមើលឃើញ សេដ្ឋកិច្ច របស់ប្រទេសប៉ាគីស្ថាន វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ពីរបៀប ដែលពួកគេកំពុងផលិត ឬទទួលបាននាវា និង នាវាមុជទឹកជាច្រើន” ។ លោកថា កងទ័ពជើងទឹកឥណ្ឌាកំពុង កែប្រែផែនការ ប្រតិបត្តិការរបស់ខ្លួនទៅតាមនោះ។
លោក Tripathi បន្តថា ប្រទេសប៉ាគីស្ថានបាននិងកំពុងសាងសង់នាវាចម្បាំង និងនាវាមុជទឹកដោយមានជំនួយពីចិន ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ចិនក្នុងការពង្រឹងកងនាវាចរប៉ាគីស្ថាន។
លោកបានលើកឡើង ពីការសាងសង់នាវាមុជទឹក Hangor II ចំនួនប្រាំបីគ្រឿង ដែលនឹងពង្រឹងសមត្ថភាព ប្រយុទ្ធរបស់ប៉ាគីស្ថាន ។ នាវាមុជទឹកដំបូងបង្អស់នេះ ត្រូវបានដាក់ឱ្យដំណើរការនៅទីធ្លាសាងសង់នាវា Wuchang ក្នុងទីក្រុង Wuhan ប្រទេសចិនក្នុងខែមេសា ទោះបីជារបាយការណ៍ប្រព័ន្ធ ផ្សព្វផ្សាយបានណែនាំថា ពេលវេលា សម្រាប់ការដឹកជញ្ជូន ទៅកាន់ប្រទេសប៉ាគីស្ថាន មានភាពមិនច្បាស់លាស់ ដោយសារតែការរារាំង របស់អាល្លឺម៉ង់លើការនាំចេញម៉ាស៊ីនម៉ាស៊ូត ដើម្បីផ្តល់ថាមពលដល់នាវាមុជទឹក។
មេទ័ពជើងទឹកឥណ្ឌារូបនេះ បាននិយាយទៀតថា កងទ័ពជើងទឹកឥណ្ឌា “ដឹងច្បាស់” អំពីប្រតិបត្តិការ របស់កងទ័ពជើងទឹក ប៉ាគីស្ថាន រួមទាំងកម្រិតនៃការដាក់ពង្រាយ ហើយត្រៀមខ្លួន ដើម្បីទប់ទល់នឹងការ គំរាមកំហែងពីប្រទេសជិតខាងផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា