វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារការពារមីស៊ីលអាមេរិក ហៅកាត់ថា (MDA) បានអះអាងកាលពីថ្ងៃអង្គារថា ខ្លួនបានស្ទាក់ចាប់គោលដៅមីស៊ីលផ្លោងដោយជោគជ័យ អំឡុងពេលធ្វើតេស្ត ជាលើកដំបូងនៅលើកោះ ហ្គាម (Guam) ។
ទីភ្នាក់ងារខាងលើនេះ ដែលចំណុះឲ្យក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “នៅក្នុងអំឡុងពេលពិសោធន៍នៃហោះហើរ ប្រព័ន្ធ Aegis Guam បានរួមបញ្ចូលជាមួយរ៉ាដា AN/TPY-6 ថ្មី និងប្រព័ន្ធបាញ់បង្ហោះបញ្ឈរ បានបាញ់មីស៊ីល Standard Missile-3 Block IIA ដែលបានស្ទាក់ចាប់គោលដៅមីស៊ីល ផ្លោងរយៈចម្ងាយមធ្យម ដែលបាញ់បង្ហោះតាមដែនអាកាស នៅឯឆ្នេរសមុទ្រ Andersen Air” ។
ទីភ្នាក់ងារ MDA បានបញ្ជាក់ថា “រ៉ាដា AN/TPY-6 បានតាមដានគោលដៅភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ ដើម្បីស្ទាក់ចាប់ក្នុងការប្រើប្រាស់រ៉ាដាតាមដានពីដើមទីដល់ចុងទីជាលើកដំបូង នៅក្នុងអំឡុងពេលធ្វើតេស្តមីស៊ីលផ្លោងដោយផ្ទាល់” ។
ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា “ព្រឹត្តិការណ៍នៅថ្ងៃនេះជាជំហានដ៏ សំខាន់មួយដែលបានធ្វើឡើងក្នុងការការពារគំនិតផ្តួចផ្តើម និងភាពជាដៃគូរបស់កោះហ្គាម ហើយផ្តល់ការគាំទ្រ យ៉ាងសំខាន់ចំពោះគំនិតរួម ដែលតម្រូវការ លើសុពលភាព ការប្រមូលទិន្នន័យ និងជាគំរូសម្រាប់ប្រព័ន្ធការពារនៅដែនកោះហ្គាម ហៅថា (GDS) នាពេលអនាគត” ។
បើយោងតាមទីភ្នាក់ងារខាងលើនេះបានបញ្ជាក់ថា កោះ ហ្គាម គឺជា ”ទីតាំងយុទ្ធសាស្ត្រសម្រាប់ទ្រទ្រង់ និងរក្សាវត្តមានយោធារបស់សហរដ្ឋអាមេរិក” ហើយការធ្វើតេស្តលើកនេះគឺជា “ការបង្ហាញជាលើកដំបូងពីដែនកោះ ហ្គាម ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរយៈពេលវែងសម្រាប់ការការពារដែនកោះ ហ្គាម” ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា