ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្គាប់ឱ្យអាមេរិកបង់ប្រាក់ជាង ១៧០លានដុល្លារ សម្រាប់ការជាប់ពាក់ព័ន្ធ នឹងការវាយប្រហារភេរវកម្មឆ្នាំ២០១០

AFP

តេអេរ៉ង់៖ តុលាការអ៊ីរ៉ង់មួយ បានបញ្ជាឱ្យរដ្ឋាភិបាល និង មន្ត្រីរបស់សហរដ្ឋអាមេរិក បង់ប្រាក់សំណងជាង ១៧០លាន ដុល្លារអាមេរិក ដល់ក្រុមគ្រួសាររបស់ជនជាតិអ៊ីរ៉ង់ ដែលបានបាត់បង់ជីវិត និងអ្នកដែលរងរបួស នៅក្នុង “ការវាយប្រហារភេរវកម្ម” នៅទីក្រុងកំពង់ផែ Chabahar ភាគអាគ្នេយ៍ប្រទេស កាលពីក្នុងឆ្នាំ២០១០ ។

សេចក្តីសម្រេចនេះត្រូវបានចេញនៅកាលបរិច្ឆេទដែលមិនបង្ហាញដោយសាខាទី ៥៥ នៃតុលាការយុត្តិធម៌ទីក្រុងតេអេរ៉ង់ បន្ទាប់ពីពាក្យបណ្តឹងដែល ដាក់ដោយមនុស្ស ៦ នាក់ រួមទាំងគ្រួសារជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិត ពីការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា មនុស្សសរុបចំនួន ៣៩ នាក់ត្រូវបានសម្លាប់ និង ៧០ នាក់ផ្សេងទៀតបាន រងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាត មួយសំដៅលើហ្វូងមនុស្ស ដែលបានប្រមូលផ្តុំនៅមុខវិហារអ៊ីស្លាម សម្រាប់ពិធីកាន់ទុក្ខសាសនា នៅទីក្រុង Chabahar នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១០។

យោងតាមលោក Mizan តុលាការអ៊ីរ៉ង់ បានរកឃើញថា រដ្ឋាភិបាលអាមេរិក និងមន្ត្រីមានពិរុទ្ធពីបទ ជាប់ពាក់ព័ន្ធក្នុងការ វាយប្រហារដោយគាំទ្រ “ក្រុមភេរវករ” Jundallah ដែលបានអះអាងទទួលខុសត្រូវ ចំពោះប្រតិបត្តិការនៅពេលនោះ។ របាយការណ៍បានឲ្យដឹងថា សេចក្តីសម្រេច បានបញ្ជាឱ្យសហរដ្ឋអាមេរិកបង់ប្រាក់ចំនួន ៧៤ លានដុល្លារជាសំណង សម្រាប់ការខូចខាតខាងសម្ភារៈ និងផ្លូវចិត្តដែលបង្កឱ្យភាគីដើមបណ្តឹង រួមជាមួយនឹងការខូចខាតជាទណ្ឌកម្មចំនួន ៩៦ លានដុល្លារ។

នេះជាការសម្រេចលើក ទីពីរ របស់តុលាការប្រឆាំង នឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះការពាក់ព័ន្ធ នឹងការវាយ ប្រហារនេះ ។ នៅឆ្នាំ២០២៣បន្ទាប់ពីពាក្យបណ្តឹង ដែលប្តឹង ដោយបុគ្គល ដែលរងរបួសចំនួន ៩៣នាក់ និងគ្រួសារជនរងគ្រោះ តុលាការបានបញ្ជាឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក បង់ប្រាក់ការខូចខាតចំនួន ២,៦៦ ពាន់លានដុល្លារ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top