ខ្ញុំគឺជាកូនដែលកើត នៅក្នុងគ្រួសារក្រីក្រ នៅក្នុងតំបន់ Brooklyn ក្រុង New York។ ហើយក្នុងជីវិត ខ្ញុំទទួលបានពាក្យថា “ទេ” និងពាក្យបដិសេធ ច្រើនជាងពាក្យ យល់ព្រម និងពាក្យវិជ្ជមាន។ ក៏ប៉ុន្តែខ្ញុំមិនដែលអនុញ្ញាតិអោយពាក្យសម្ដី ទាំងអស់នោះ មកបញ្ឈប់ខ្ញុំក្នុងការកសាងនូវសម្ព័ន្ធក្រុមហ៊ុន ចំណីអាហារធំជាងគេ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោកបាននោះទេ ។
បច្ចុប្បន្ននេះ ខ្ញុំគឺជាបុគ្គលដែលមានទ្រព្យសម្បត្តិមហាសាល និងជាមហាសេដ្ឋីលំដាប់ថ្នាក់ទី ២៣២ក្នុងសហរដ្ឋអាមេរិក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ជិត ៣ពាន់លានដុល្លា ។
ខ្ញុំបានចាប់កំណើតនៅថ្ងៃទី ១៩ កក្កដា ១៩៥៣ ក្នុងក្រុមគ្រួសារមួយ ដែលមិនសូវជាធូរធារប៉ុន្មានទេ។ ប្រាក់សម្រាប់ចាយវាយ គឺជាបញ្ហាប្រឈមក្នុងគ្រួសាររបស់ខ្ញុំ ដោយសារតែម្ដាយរបស់ខ្ញុំ មានការងារត្រឹមជាលេខាធិការម្នាក់ ហើយឪពុករបស់ខ្ញុំជាទាហានចូលនិវត្តន៍ពីសង្គ្រាមលោកលើកទីពីរ និងមានការងារជាអ្នក បើកបរដឹកទំនិញ (ខោទឹកនោមកូនក្មេង) អោយរោងចក្រឯកជនមួយ ។
ពួកគាត់ទាំងពីរនាក់ មិនមានសញ្ញាប័ត្រ ពីមហាវិទ្យាល័យនោះទេ ប៉ុន្តែពួកគាត់ប្រឹងប្រែងបំពេញ ការងារយ៉ាងខ្លាំង ដើម្បីគ្រួសារ ហើយស្រលាញ់ ការងាររបស់ខ្លួនយ៉ាងខ្លាំង។ ខ្ញុំមិនប្រាកដទេថា តើពួកគាត់ទាំងពីរ មានពេលវេលាសម្រាប់ សប្បាយនៅក្នុងជីវិតដែរឬក៏អត់។
មានពេលមួយនោះ ខណៈដែលឪពុករបស់ខ្ញុំ បានជួបនឹងឧបទ្ទវហេតុ ធ្វើអោយគាត់បាក់ជើង គ្រួសាររបស់យើងបាន ធ្លាក់ចូលទៅក្នុងពេលវេលា ដ៏លំបាកបំផុតមួយ ។ ពួកយើងគ្មានប្រាក់បម្រុងទុក គ្មានប្រាក់ដើម្បីចំណាយ លើថ្លៃព្យាបាលជើងឪពុកខ្ញុំ ពួកយើងប្រឹងរស់មួយថ្ងៃ ដើម្បីតែមួយថ្ងៃតែប៉ុណ្ណោះ ។ វាជាអារម្មណ៍ដែលពិបាក ទទួលយកបំផុតមួយ សម្រាប់ខ្ញុំ នៅពេលមើល ឃើញទិដ្ឋភាពទាំងអស់នោះ ដែលត្រូវមើលឃើញមនុស្ស ប្រឹងប្រែងធ្វើការងារ ខ្លាំង ដូចជាឪពុកម្ដាយរបស់ខ្ញុំ ត្រូវតស៊ូខ្លាំងបែបនេះ ដើម្បីតែជីវិតរស់។ ខ្ញុំបានសន្យានឹងខ្លួនឯងនៅពេលនោះថា ខ្ញុំនឹងមិនអនុញ្ញាតិ អោយរឿងបែបនេះ កើតឡើងទៅលើគ្រួសារដទៃ ទៀតដូចជាគ្រួសាររបស់ខ្ញុំទៀតនោះទេ។
មនុស្សទូទៅភាគច្រើន ចាប់ផ្ដើមធ្វើការងារដំបូងរបស់ខ្លួន នៅពេលពួកគេមានអាយុ ១៨ឆ្នាំ ប៉ុន្តែសម្រាប់ខ្ញុំវិញ ការងារដំបូងចាប់ផ្ដើម នៅពេលដែលខ្ញុំមានអាយុ ១២ឆ្នាំ ។ ខ្ញុំធ្វើជាក្មេងលក់កាសែត និងធ្វើជាអ្នករត់តុ នៅហាងកាហ្វេក្នុងតំបន់មួយកន្លែង ។ អ្នកអាចនិយាយបានថា កុមារភាពរបស់ខ្ញុំ គឺមិនដូចជាកុមារភាព របស់ក្មេងទូទៅប៉ុន្មានទេ លើកលែងតែចំណុចម៉្យាងនោះ គឺការលេងកីឡាដូចក្មេងដទៃ។ នៅសាលា ខ្ញុំមិនមែនជាសិស្សពូកែអ្វីនោះទេ ក៏ប៉ុន្តែមានរឿង ម៉្យាងដែលខ្ញុំលេចធ្លោ និងពូកែជាងក្មេងដទៃ នោះគឺការលេងកីឡា បាល់ឱប ។ ការលេងបាល់ គឺជាឱកាសមួយសម្រាប់ខ្ញុំ ក្នុងការគេចវេសចេញពីពិភព និងជីវិតដ៏យ៉ាប់យ៉ឺនរបស់ខ្លួន ហើយវាអាចអនុញ្ញាតិអោយខ្ញុំបានធ្វើនូវកិច្ចការដែលខ្លួនចូលចិត្ត ថែមទៀតផង។
ពេលលេងបាល់នេះ ខ្ញុំប្រឹងប្រែងខ្លាំងណាស់ ហើយជាលទ្ធផលខ្ញុំក៏ទទួលបាននូវអាហារូបករណ៍ទៅសិក្សា នៅឯសាកលវិទ្យាល័យ Northern Michigan និងបានក្លាយទៅជាសមាជិកដំបូងនៅក្នុងក្រុមគ្រួសារ ដែលអាចចូលរៀននៅសាកលវិទ្យាល័យបាន។ ខ្ញុំដឹងច្បាស់ខ្លួនឯងថា ខ្ញុំមិនចង់ក្លាយទៅជាអ្នកលេងបាល់ឱបអាជីពនោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំច្បាស់ខ្លួនឯងនោះគឺ ខ្ញុំចង់ក្លាយជាមនុស្សដែលមានចំនេះដឹង និងរៀនសូត្របានខ្ពង់ខ្ពស់។ ពេលនៅមហាវិទ្យាល័យខ្ញុំប្រឹងប្រែងរៀនសូត្រយ៉ាងខ្លាំង ហើយក៏ជាមនុស្សតែម្នាក់គត់នៅក្នុងគ្រួសារ ដែលអាចរៀនចប់និងទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យ។
ខ្ញុំបានបំពេញការងារជាច្រើនកន្លែង ហើយជានិច្ចកាល បានកំណត់គោលដៅអោយខ្លួនឯងថា ដាច់ខាតខ្ញុំត្រូវតែទ ទួលជោគជ័យ។ ហើយនៅពេលមានវ័យ ២៦ឆ្នាំ ខ្ញុំក៏បានក្លាយទៅជាអគ្គនាយករង ដែលមានតួនាទីទទួលខុសត្រូវ លើការលក់អោយក្រុមហ៊ុនគ្រឿងសង្ហារឹម និងបរិក្ខារ របស់ស្វីសមួយ (មិនមែនជាក្រុមហ៊ុន IKEA ដូចដែលអ្នកកំពុងគិតនោះទេ)។
សម្រាប់មនុស្សមួយចំនួនធំ ការទទួលបាននូវមុខតំណែងកំពូល នៅពេលខ្លួនមានវ័យក្មេងបែបនេះ អាចចាត់ទុកបានថា ជាភាពជោគជ័យមួយបាត់ទៅហើយ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនគិតដូចជាពួកគេនោះទេ ។ ខ្ញុំមិនទទួលបានសេចក្ដីសុខក្នុងអារម្មណ៍ គ្មានភាពរីករាយ ឬអារម្មណ៍ស្កប់ស្កល់ពីការងាររបស់ខ្លួននោះទេ រហូតទាល់តែមានពេលមួយ ដែលខ្ញុំបានធ្វើដំណើរ ទៅហាងមួយកន្លែង ដែលបានបញ្ជាទិញនូវ ឧបករណ៍ឆុងកាហ្វេ មួយចំនួនធំ ពីក្រុមហ៊ុនរបស់យើង។
នៅកំឡុងពេលនោះ ម្ចាស់ហាងទាំងពីររបស់ហាងនោះមានលក់ គ្រាប់កាហ្វេ តែ គ្រឿងទេសន៍ និងផលិតផលសម្រាប់ឆុងកាហ្វេ។ ខ្ញុំទទួលបាននូវអារម្មណ៍ ស្កប់ស្កល់ និងសេចក្ដីស្រលាញ់ចេញពីចិត្ត ពីសំណាក់ម្ចាស់ហាងទាំងពីរ ដែលពួកគេមានចំពោះផលិតផលរបស់ខ្លួន នោះគឺកាហ្វេ។ សូមបញ្ជាក់ថា នៅពេលនោះ វាគឺនៅក្នុងឆ្នាំ ១៩៨១ នៅពេលដែលមនុស្សទូទៅ គិតចំពោះកាហ្វេ ត្រឹមតែជាភេសជ្ជៈ ដែលអ្នកគ្រាន់តែទទួល ទានដើម្បីអោយមានកម្លាំងសម្រាប់ធ្វើការប្រចាំ ថ្ងៃតែប៉ុណ្ណោះ។ បន្ទាប់ពីបានមើលឃើញ និងទទួលបាននូវអារម្មណ៍ ស្រលាញ់ ពីសំណាក់ម្ចាស់ហាងទាំងពីរ ដែលពួកគេមាន ចំពោះកាហ្វេ ខ្ញុំបានដឹងច្បាស់ថា នេះហើយទើបជាកន្លែង សម្រាប់ខ្ញុំ។
ខ្ញុំមានចិត្តស្រលាញ់ ជាមួយនឹងអ្វីដែលពួកគេបានបង្កើត និងពេញចិត្ត ចំពោះអារម្មណ៍ដែលពួកគេមាន ជាមួយនឹងភេសជ្ជៈ ដែលត្រូវបានមនុស្សទូទៅមើលរំលង។ អស់រយៈពេលមួយឆ្នាំពេញ ដែលខ្ញុំបានទូរស័ព្ទផង ស្នើសុំផង អង្វរផង ហើយទៅជួបពួកគេផង ដើម្បីសុំអោយពួកគេទាំងពីរ យល់ព្រមអោយខ្ញុំចូលធ្វើការ និងចូលហ៊ុនជាមួយ។ ប្រហែលជាខ្ញុំរំខានពួកគេខ្លាំងពេក បែបនេះហើយរហូតទាល់តែនៅចុងឆ្នាំនោះ ពួកគេបានអនុញ្ញាតិអោយខ្ញុំចូលរួមជាមួយ ដោយមានតួនាទីជានាយកផ្នែកទីផ្សារ។
ក្រោយពេលចូលរួមជាមួយហាងនោះ បានមួយឆ្នាំ ខ្ញុំក៏បានធ្វើដំណើរដើម្បីអាជីវកម្មទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ហើយអ្វីដែលខ្ញុំបានមើលឃើញនៅទីនោះ គឺខុសគ្នាទាំងស្រុង ពីការទទួលទានកាហ្វេនៅក្នុងប្រទេសអាមេរិក។ ប្រជាជនអ៊ីតាលី គឺនិយមអង្គុយលំហែកាយ ហើយទទួលទានកាហ្វេរបស់ពួកគេ ដោយក្ដីសុខ។ វាមិនមែនត្រឹមតែជាការទទួលទានកាហ្វេ ដើម្បីតែទទួលទានកាហ្វេនោះទេ ប៉ុន្តែវាជាអារម្មណ៍ វាជាទំនាក់ទំនង រវាងមនុស្សទូទៅ នៅទីកន្លែងដែលពួកគេ អាចជួបជុំគ្នា ដើម្បីជជែកគ្នាលេង និងទទួលបាននូវរសជាតិកាហ្វេ ដែលត្រូវបានឆុងឡើងដោយយកចិត្តទុកដាក់។ នៅពេលបានមើលឃើញរូបភាពទាំងអស់នេះភ្លាម ខ្ញុំបានគិតនៅក្នុងចិត្តថា “នេះហើយគឺជាអ្វីដែលហាង របស់យើងត្រូវការ”។ ក្រោយពេលត្រលប់មកអាមេរិកវិញ ខ្ញុំបាននិយាយប្រាប់ទៅ ម្ចាស់ហាងទាំងពីរ នូវទស្សន វិស័យរបស់ខ្ញុំមួយនេះ ក៏ប៉ុន្តែពួកគេទាំងពីរ បានបញ្ជាក់ថាខ្លួនចង់រក្សា នូវគម្រូពាណិជ្ជកម្មដើមរបស់ខ្លួន ដោយធ្វើការលក់ដុំប៉ុណ្ណោះ និងមិនចង់លក់ជាភេសជ្ជៈរាយនោះទេ។ ខ្ញុំមិនអាចបន្ទោសពួកគេបានទេ នេះក៏ដោយសារតែជនជាតិអាមេរិកនៅសម័យនោះ មិនទាំងស្គាល់ថា កាហ្វេឡាតេ គឺជាអ្វីផង។
នៅខណៈពេលនោះ ខ្ញុំបានសម្រេចចិត្តថា វាជាពេលវេលាដ៏សាកសមក្នុងការបើកហាងលក់កាហ្វេរបស់ខ្លួនមួយ ប៉ុន្តែអ្វីដែលជាបញ្ហា ដែលខ្ញុំត្រូវប្រឈមនោះគឺ ការស្វែងរកដើមទុនចំនួនប្រមាណ ១,៦លានដុល្លា អោយបានរួចរាល់ ក្នុងរយៈពេលមួយឆ្នាំ។ ខ្ញុំក៏បានដាក់ផែនការ ហើយស្នើសុំជួបជាមួយនឹងអ្នកវិនិយោគ ចំនួន ២៤២នាក់ ក្នុងចំនោមទាំងអស់នោះ មានអ្នកវិនិយោគចំនួន ២១៧នាក់ (ស្មើនិង ៩០% នៃចំនួនសរុប) បានធ្វើការបដិសេធ នូវសំណើររបស់ខ្ញុំ។ អ្វីដែលពួកគេបាននិយាយប្រាប់ខ្ញុំនោះគឺ វាជាការវិនិយោគដែលមិនអាចទៅរួច ខាតពេល ខាតប្រាក់ ហើយនឹងមិនអាចស្វែងរកប្រាក់ចំណេញបានច្រើននោះទេ។
និយាយតាមត្រង់ទៅចុះ ក្រោយពេលស្ដាប់លឺពាក្យ បដិសេធទាំងអស់នោះ ខ្ញុំចាប់ផ្ដើមបាក់ទឹកចិត្តយ៉ាងខ្លាំង ហើយមានពេលខ្លះថែមទាំងមានចិត្តសង្ស័យចំពោះគំនិតរបស់ខ្លួនមួយនេះថែមទៀតផង។ ប៉ុន្តែដោយសារតែកើតមក នៅក្នុងគ្រួសារដែលក្រីក្រ អ្វីដែលខ្ញុំចង់បាននោះគឺមិនមែនជាប្រាក់ចំណេញ ឬទ្រព្យសម្បត្តិមហាសាលនោះទេ អ្វីដែលខ្ញុំចង់បាននោះ គឺការសម្រេចនូវក្ដីស្រមៃ របស់ខ្លួនអោយក្លាយទៅជាការពិតប៉ុណ្ណោះ។
ជាលទ្ធផលខ្ញុំមិនអាចប្រមូលដើមទុនបានគ្រប់ ១,៦លានដុល្លានោះទេ ក៏ប៉ុន្តែខ្ញុំអាចប្រមូលដើមទុនបានគ្រប់គ្រាន់ ល្មមសម្រាប់បើកហាង កាហ្វេដំបូងរបស់ខ្លួន ដែលខ្ញុំបានដាក់ឈ្មោះថា “Il Giornale”។ ជាមួយនឹងការដំណើរ ការហាងកាហ្វេដំបូងនេះ ខ្ញុំបានបង្កើតកំហុសជាច្រើន ក៏ប៉ុន្តែខ្ញុំប្រឹងប្រែងរៀនសូត្រយ៉ាងលឿន ហើយព្យាយាមកែសម្រួល រហូតទាល់តែជាលទ្ធផល យើងបានសម្រេចការលក់ប្រចាំឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រមាណ ជាងកន្លះលានដុល្លា។ ខ្ញុំបានខិតកាន់តែជិត ទៅកាន់គោលដៅរបស់ខ្លួនមួយជំហានទៀតហើយ!!! ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំ ហាក់នៅតែមានចន្លោះប្រហោង ដែលមិនអាចបំពេញបាន។
តើអ្នកទាំងអស់គ្នាមាននៅចាំហាងកាហ្វេមួយនោះ ដែលខ្ញុំធ្លាប់ចូលហ៊ុន និងធ្វើការជានាយកផ្នែកទីផ្សារដែរទេ? ម្ចាស់ហាងទាំងពីរ បានធ្វើការប្រកាសលក់ នូវពាណិជ្ជកម្ម និងហាងរបស់ខ្លួនមួយនេះ។ សម្រាប់ខ្ញុំហាងកាហ្វេនោះ វាជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាមិនចង់អោយវាធ្លាក់ទៅក្នុងដៃរបស់អ្នកដទៃនោះទេ។
ដូច្នេះហើយ នៅក្នុងឆ្នាំ ១៩៨៧ ខ្ញុំបានដាក់សំណើរទិញយកសាខាហាងទាំង ៦របស់ពួកគេទាំងពីរ ក្នុងតម្លៃប្រមាណ ៣,៨លានដុល្លា ហើយក៏បានរួមបញ្ចូលហាងទាំង ៦នោះ ជាមួយនឹងហាងកាហ្វេទាំងប៉ុន្មានដែលខ្ញុំមានស្រាប់ អោយក្លាយទៅជាសម្ព័ន្ធហាង កាហ្វេមួយដែលមានឈ្មោះថា Starbucks Coffee និងបានកាន់តួនាទីធ្វើជា អគ្គនាយកប្រតិបត្តិរបស់សម្ព័ន្ធក្រុមហ៊ុនថ្មីមួយនេះ។ អ្នកទាំងអស់គ្នាមិនបានអានច្រឡំនោះទេ សម្ព័ន្ធ Starbucks Coffee គឺជាហាងកាហ្វេដំបូង ដែលខ្ញុំបានឈានជើងចូល បានធ្វើការជាមួយ និងចុងក្រោយក្លាយទៅជាម្ចាស់កម្មសិទ្ធ។ ទោះបីជាបែបណា វាមិនដូចគ្នាទៅនឹងហាង Starbucks ដែលអ្នកបានឃើញដូចសព្វថ្ងៃនេះនោះទេ។
អស់រយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ ខ្ញុំបានខិតខំកែប្រែ សម្ព័ន្ធហាងមួយនេះ អោយក្លាយទៅជាហាង កាហ្វេដែលខ្ញុំតែង តែមាននៅក្នុងក្ដីស្រមៃ ជាក្ដីស្រមៃដែលមនុស្សភាគច្រើនធ្លាប់និយាយប្រាប់ខ្ញុំថា វាជាគំនិតល្ងង់ខ្លៅ ជាគំនិតចោលម្សៀត និង មិនអាចទៅរួច។ វាបានវិវឌ្ឍន៍ខ្លួន ក្លាយទៅជាទីកន្លែងមួយ ដែលមានអត្ថន័យលើសពីហាងកាហ្វេធម្មតា ប៉ុន្តែជាទីកន្លែងសម្រាប់សិក្សា ជួបជុំមិត្តភក្ដ និងទទួលបានអារម្មណ៍ស្កប់ស្កល់ និងក្ដីសុខ។
បច្ចុប្បន្ននេះ យើងមានសាខា ហាងកាហ្វេប្រមាណ ២៦.៧៣៦ កន្លែង នៅក្នុងប្រទេសជាង ៧៥ប្រទេសនៅជុំវិញ ពិភពលោក ហើយបានផ្ដល់ការងារដល់មនុស្សប្រមាណជាង ៣០ម៉ឺននាក់។ ប៉ុន្តែចំណុចទាំងប៉ុន្មាននេះ មិនមែនជាភាពជោគជ័យដែលខ្ញុំតែងកំណត់ចង់បាននោះទេ។ ភាពជោគជ័យពិតប្រាកដរបស់ខ្ញុំនោះគឺ នៅពេលដែលខ្ញុំមានសមត្ថភាព និង លទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្ដល់ត្រលប់ទៅវិញ អោយទៅដល់រាល់គ្រប់ បុគ្គលិករបស់យើង នូវគុណប្រយោជន៍ជាច្រើនមានដូចជា ភាគហ៊ុន នៅក្នុងក្រុមហ៊ុន ការទទួលបានសេវា កម្មថែ ទាំសុខភាពដោយឥតបង់ថ្លៃ គម្រោងចូលនិវត្តន៍ ជំនួយក្នុងការស្នើសុំកូនចិញ្ចឹម និងលទ្ធភាពក្នុងការជួយបង់ ថ្លៃសិក្សាអោយពួកគេបាន។
អ្វីដែលគួរអោយសោកស្ដាយបំផុតនោះគឺ ឪពុករបស់ខ្ញុំឆាប់ទទួលអនិច្ចកម្មពេក មុនពេលដែលគាត់អាចមើលឃើញ ពីអ្វីដែលកូនប្រុសរបស់គាត់ម្នាក់នេះ អាចសម្រេចបាន។ ក៏ប៉ុន្តែខ្ញុំដឹងច្បាស់ថា គាត់ប្រាកដជាមានមោទនភាពបំផុត បើសិនជាបានដឹងថា ក្រុមហ៊ុនកូនប្រុសរបស់គាត់ អាចមានលទ្ធភាពផ្ដល់ទៅដល់ប្រជាជនថ្នាក់កណ្ដាល ដែលប្រឹងប្រែងធ្វើការងារខ្លាំងដូចជារូបគាត់ នូវគុណប្រយោជន៍ជាច្រើនដែលគាត់មិនធ្លាប់ទទួលបាន។
និយាយជារួមទៅ ខ្ញុំមិនមែនជាស្ថាបនិកដើម ក្នុងការបង្កើត ហាងកាហ្វេ Starbucks នោះទេ ក៏ប៉ុន្តែខ្ញុំមានគោលដៅ ច្បាស់លាស់ ក្នុងការកសាងទំនាក់ទំនង រវាងមនុស្សហើយនិងកាហ្វេ ហើយខ្ញុំបានបង្កើតវា តាមរយៈហាងកាហ្វេដូច ដែលអ្នកទាំងអស់គ្នាបានឃើញដូចសព្វថ្ងៃនេះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺខ្ញុំមានក្ដីស្រមៃ ក្នុងការបង្កើតនូវក្រុមហ៊ុនដ៏អស្ចារ្យមួយ ដែលឪពុករបស់ខ្ញុំមិន អាចបំពេញការងារអោយបាន នៅពេលដែលគាត់ នៅជាបុគ្គលិក។ ជាក្រុមហ៊ុនមួយ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ ហើយជាអ្វីដែលខ្ញុំហើយនិង ក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់តែងតែចង់បាន ។ ក្ដីស្រមៃរបស់ខ្ញុំ គឺមិនមែនជាប្រាក់ចំណេញ ឬទ្រព្យសម្បត្តិមហាសាលនោះទេ ប៉ុន្តែវាជាជំនួយដែល ខ្ញុំអាចផ្ដល់ទៅអោយបុគ្គលិកគ្រប់គ្នា នោះហើយទើបជាជោគជ័យ ពិតប្រាកដដែលខ្ញុំចង់បាន។ នេះហើយទើបជាសមិទ្ធផលក្នុងជីវិត ពិតប្រាកដដែលខ្ញុំមានមោទនភាព។
ខ្ញុំមានឈ្មោះ Howard Schultz ហើយខ្ញុំជាមនុស្ស ប្រឹងប្រែងយ៉ាងខ្លាំងក្លាម្នាក់ ពីមនុស្សធម្មតា ក្លាយទៅជាមនុស្សមិនធម្មតា ដែលជាអ្នកបង្កើតក្រុមហ៊ុន Starbucks Coffee អោយក្លាយទៅជាម៉ាកផលិតផលមួយ ដែលត្រូវបានទទួលស្គាល់នូវទូទាំងពិភពលោក ៕
ដោយ៖ ហង្ស សុបញ្ញា