ចិន ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា អវកាសយានិកជនជាតិចិន ពីរនាក់នៅលើស្ថានីយអវកាស Tiangong បានបំបែកឯតទគ្គកម្ម ពិភពលោកសម្រាប់ ការដើរក្នុងលំហ តែមួយមានរយៈពេលយូរបំផុត ដោយបានកំណត់ កាលពីជាង ២ ទសវត្សរ៍មុនដោយកម្មវិធីអវកាសអាមេរិក។
យោងតាមទីភ្នាក់ងារអវកាសចិន (CMSA) បានឲ្យដឹងថា នៅម៉ោង ៩.៥៧ យប់ ម៉ោងនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ សមាជិកនាវិក Shenzhou-19 លោក Cai Xuzhe និង Song Lingdong បានបញ្ចប់សកម្មភាពក្រៅអាកាស (EVA) រយៈពេល ៩ ម៉ោង។
សមាជិកនាវិក Shenzhou-19 លោក Cai Xuzhe និងលោក Song Lingdong បានដំឡើងឧបករណ៍ការពារអវកាស និងធ្វើការថែទាំនៅខាងក្រៅ Tiangong។
នេះបើយោងតាមអង្គការណាសា បាននិយាយថា កំណត់ត្រាពីមុនត្រូវ បានកំណត់នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០០១ នៅពេលអវកាសយានិកអាមេរិក James Voss និង Susan Helms បានចំណាយពេល ៨ ម៉ោង និង ៥៦ នាទីនៅខាងក្រៅយានអវកាស Discovery ក្នុងអំឡុងពេលបេសកកម្ម ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ៕