ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី កំពូលរបស់ចិន កើនឡើងជាលើកដំបូង ក្នុងរយៈពេល ៤ ឆ្នាំ

ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋីមានបំផុតទាំង ៥៥នាក់របស់ប្រទេសចិន ត្រូវបានគេឃើញទ្រព្យសម្បត្តិរួមរបស់ពួកគាត់កើនឡើងនៅឆ្នាំនេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២០។

នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg តាមដានបុគ្គលដែលមានបំផុតចំនួន ៥០០របស់ពិភពលោក បាននិយាយថា ទ្រព្យសម្បត្តិរួមបញ្ចូលគ្នារបស់ពួកគេបានកើនឡើង ១៦ភាគរយចាប់តាំងពីខែមករាដល់ ៨០៩.៦ ពាន់លានដុល្លារបន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងចំណោមអ្នកទទួលបានច្រើនជាងគេ គឺលោក Pony Ma ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tencent មានទ្រព្យសម្បត្តិសុទ្ធបានកើនឡើងជាងមួយភាគបីដល់ ៤៧.៩ ពាន់លានដុល្លារ និងលោក Lei Jun ស្ថាបនិកម៉ាកយីហោស្មាតហ្វូន Xiaomi មានទ្រព្យសម្បត្តិរបស់លោកបានកើនឡើងចំនួន ១២.៨ ពាន់លានដុល្លារ។

លោក Chen Tianshi ប្រធានក្រុមហ៊ុន Cambricon Technologies ដែលជាអ្នកបង្កើតប្រព័ន្ធដំណើរការ AI និងលោក Wang Ning ស្ថាបនិកអ្នករចនាម៉ូដតុក្កតា Pop Mart អ្នកទាំង២បានឃើញទ្រព្យសម្បត្តិរបស់ពួកគាត់កើនឡើង៣ដងក្នុងឆ្នាំនេះ។

នេះបើយោងតាម Hurun China Rich List 2024 របស់វិទ្យាស្ថានស្រាវជ្រាវ Hurun នៅទីក្រុងសៀងហៃថា ឆ្នាំនេះមានភាពច្របូកច្របល់សម្រាប់មហាសេដ្ឋីក្នុងប្រទេសចិន ជាមួយនឹងចំណងជើងនៃបុគ្គលដែលមានជាងគេបំផុតរបស់ប្រទេសនេះបានផ្លាស់ប្តូរដៃជាច្រើនដង។

លោក Colin Huang ស្ថាបនិកក្រុមហ៊ុន e-commerce យក្ស PDD Holdings បានដណ្ដើមបានមកុដពីមហាសេដ្ឋីទឹកដប Zhong Shanshan កាលពីដើមឆ្នាំនេះ ប៉ុន្តែបានបាត់បង់ភ្លាមៗទៅឲ្យលោក Zhang Yiming ជាមហាសេដ្ឋីនៅពីក្រោយក្រុមហ៊ុនមេរបស់ TikTok ByteDance ។

នេះបើយោងតាមទស្សនាវដ្តី Fortune ថា លោក Huang បានកាន់កាប់តំណែងកំពូលត្រឹមតែ២ឬ៣ សប្តាហ៍នៅក្នុងខែសីហា មុនពេលក្រុមហ៊ុនរបស់លោកបានបាត់បង់តម្លៃទីផ្សារចំនួន ៥០ ពាន់លានដុល្លារ៕

Most Popular

To Top