ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ស្ថិតក្រោមការស៊ើបអង្កេត ពីបិទការដុតសម្លាប់ មនុស្ស ១១ នាក់ នៅហាងតែក្នុងទីក្រុងហាណូយ

VN Express

ទីក្រុងហាណូយ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានបើកការស៊ើបអង្កេតឃាតកម្មមួយ និងកំពុងធ្វើការស៊ើបអង្កេត លើបុរសអាយុ ៥១ ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទដុតបំផ្លាញសម្បត្តិ និងសម្លាប់មនុស្ស ១១ នាក់នៅហាងទឹកតែមួយកន្លែង កាលពីយប់ថ្ងៃពុធក្នុងទីក្រុងហាណូយ ។

លោក Cao Van Hung ជនសង្ស័យមកពីឃុំ Dai Manh ស្រុក Dong Anh ត្រូវបានចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ប្រហែលមួយម៉ោង បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅហាងទឹកតែនៅផ្លូវ Pham Van Dong ស្រុក Bac Tu Liem ។ យោងតាមប៉ូលីសទីក្រុងហាណូយ បុរសនេះបានសារភាពថា បានទៅលេងហាងទឹកតែ ដើម្បីផឹកស្រាបៀរ ជាកន្លែងដែលគាត់បានឈ្លោះ ប្រកែកជាមួយបុគ្គលិក ។

ក្រោយពីមានការឈ្លោះប្រកែកគ្នានោះ រូបគេបានទិញសាំងចាក់នៅជាន់ទី១ ដែលមានម៉ូតូចតជាច្រើនគ្រឿង រួចដុតភ្លើងចោលមុនពេលរត់គេចខ្លួន ។ សមត្ថកិច្ចក៏បានបង្ហាញថា ជនសង្ស័យមានប្រវត្តិឧក្រិដ្ឋកម្ម រួមទាំងផ្ដន្ទាទោសពីបទប្លន់ និងលួច។

សេវាសង្គ្រោះបន្ទាន់លេខ ១១៤ បានទទួលទូរស័ព្ទអំពីអគ្គីភ័យនៅម៉ោង ១១:០៣ យប់។ កាលពីថ្ងៃពុធ ដោយរាយការណ៍ថា មនុស្សជាច្រើននាក់បានជាប់ក្នុងបន្ទប់ទឹកតែនៅផ្លូវ ២៥៨ Pham Van Dong។ អង្គភាពពន្លត់អគ្គីភ័យមកពីស្រុកផ្សេងៗរួមមាន Bac Tu Liem, Nam Tu Liem, Cau Giay, Thanh Xuan និង Tay Ho បានឆ្លើយតបទៅកន្លែងកើតហេតុក្នុងរយៈពេល ១០ នាទី។

មកដល់ម៉ោង១១និង៤០នាទីយប់ ភ្លើងបានរលត់ទៅវិញ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះមនុស្សចំនួន៧ នាក់ ប៉ុន្តែជាសោកនាដកម្មបានរកឃើញអ្នកស្លាប់ចំនួន ១១ នាក់។  ប៉ូលីសកំពុងធ្វើការដើម្បីកំណត់ពីមូលហេតុពិតប្រាកដរបស់ជនសង្ស័យ និងកំណត់អត្តសញ្ញាណជនរងគ្រោះ។ ពួកគេក៏កំពុងផ្តល់ការគាំទ្រដល់គ្រួសារជនរងគ្រោះ និងសម្របសម្រួលកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយផលវិបាកនៃសោកនាដកម្មនេះ៕

Most Popular

To Top