ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក អនុម័តច្បាប់គោលនយោបាយ ការពារជាតិប្រចាំឆ្នាំ និងផ្ញើទៅលោក បៃដិន ដើម្បីចុះហត្ថលេខា

AFP

វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោត ដើម្បីអនុម័តច្បាប់គោលនយោបាយការពារជាតិ ដែលមានតម្លៃ ៨៩៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ហើយឥឡូវនេះកំពុងរង់ចាំការចុះហត្ថលេខាលើច្បាប់ដោយប្រធានាធិបតី លោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២៥ (NDAA) ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោត ៨៥-១៤សំឡេង ដែលលើស ពីកម្រិតសំឡេង ៦០ ដែលត្រូវការ សម្រាប់ការអនុម័ត នៅក្នុងសភាជាន់ខ្ពស់ ដែលមានសមាជិក ១០០ ។ ការចំណាយផ្នែកយោធា ដែលត្រូវបានអនុម័តនៅក្នុងច្បាប់ តំណាងឱ្យការកើនឡើង ១ ភាគរយពីតម្លៃខ្សែបន្ទាត់កំពូលកាលពីឆ្នាំមុន ដែលមានចំនួន ៨៨៦ ពាន់លានដុល្លារ។

លោក Bernie Sanders ព្រឹទ្ធសមាជិកឯករាជ្យតំណាងឱ្យរដ្ឋ Vermont បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ ដោយលើកឡើងពីអ្វីដែលលោកចាត់ទុកថា ជាការចំណាយយោធាដ៏ច្រើនលើសលប់ ដែលមិនបានដោះស្រាយនូវអ្វី ដែលប្រទេសត្រូវការជាបន្ទាន់។

លោក Sanders បានឲ្យដឹង នៅក្នុងសុន្ទរកថានៅព្រឹទ្ធសភាថា “យើងមិនចាំបាច់ចំណាយប្រាក់ជិតមួយពាន់ពាន់លានដុល្លារលើវិស័យយោធានោះទេ ខណៈដែលប្រជាជនអាមេរិក កន្លះលាននាក់គ្មានផ្ទះសម្បែង កុមារស្រែកឃ្លាន និងមនុស្សចាស់មិនមានលទ្ធភាពទិញផ្ទះរបស់ពួកគេក្នុងរដូវរងារ” ។

លោកបានឲ្យដឹងក្នុងអំឡុងពេលបោះឆ្នោតតាមនីតិវិធីរបស់ព្រឹទ្ធសភាលើច្បាប់កាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិក “មិនត្រូវការប្រព័ន្ធការពារដែលត្រូវបានរចនាឡើង ដើម្បីបង្កើតប្រាក់ចំណេញដ៏ច្រើនសម្រាប់អ្នកម៉ៅការការពារជាតិយក្សមួយក្តាប់តូច ខណៈដែលផ្តល់តិចនូវអ្វីដែលប្រទេសត្រូវការ”។ NDAA នៅឆ្នាំនេះក៏បានអនុញ្ញាតឱ្យដំឡើងប្រាក់ខែច្រើនជាងធម្មតា សម្រាប់សមាជិកសេវាកម្ម ការកើនឡើង ១៤,៥ ភាគរយសម្រាប់កងទ័ព ដែលមានឋានៈទាបបំផុត និងការកើនឡើង ៤,៥ ភាគរយសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលនៅសល់។

បញ្ហាចម្រូងចម្រាសបំផុតមួយ នៅក្នុង NDAA ដែលផ្តោតលើការធានារ៉ាប់រងសុខភាពសម្រាប់សមាជិកនៃយោធា និងកូនរបស់ពួកគេ ដែលជាអ្នកទទួលការព្យាបាល វេជ្ជសាស្រ្តដែលបញ្ជាក់ពីយេនឌ័រ។ ច្បាប់បច្ចុប្បន្ន ដែលជាការសម្របសម្រួលរវាងសមាជិកសភាសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នឹងហាមឃាត់ TRICARE ដែលជាកម្មវិធីថែទាំសុខភាព របស់មន្ទីរបញ្ចកោណ ពីការគ្របដណ្តប់លើកុមារកែភេទនៃសមាជិកសេវាកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top