អាមេរិក៖ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានផ្តល់រង្វាន់ដល់ក្រុមហ៊ុន Samsung Electronics រហូតដល់ ៤.៧៤៥ ពាន់លានដុល្លារជាមូលនិធិផ្ទាល់ ដើម្បីគាំទ្រដល់ការវិនិយោគផលិតបន្ទះឈីបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េនៅកណ្តាលរដ្ឋតិចសាស់ ខណៈខ្លួនខិតខំពង្រឹងការផលិតឧបករណ៍អេឡិចត្រូនិកក្នុងស្រុក។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីនាយកដ្ឋានបានប្រកាសកិច្ចព្រមព្រៀងបឋមជាមួយ Samsung ក្នុងខែមេសា ដើម្បីផ្តល់ជំនួយរហូតដល់ ៦.៤ ពាន់លានដុល្លារក្រោម CHIPS និងច្បាប់វិទ្យាសាស្ត្រ។ កាលពីថ្ងៃព្រហស្បតិ៍ ខ្លួនបានប្រកាសពីការសម្រេចចិត្តចុងក្រោយក្នុងការផ្តល់ថវិកាផ្ទាល់ដល់ទៅ ៤៥៨លានដុល្លារ និងកម្ចីរហូតដល់ ៥០០ លានដុល្លារដល់ក្រុមហ៊ុនកូរ៉េមួយទៀតឈ្មោះ SK hynix សម្រាប់ការវិនិយោគរបស់ខ្លួននៅរដ្ឋ Indiana។
នាយកដ្ឋាននេះបាននិយាយថា មូលនិធិនេះនឹងគាំទ្រដល់ការវិនិយោគរបស់ Samsung ជាង ៣៧ ពាន់លានដុល្លារក្នុងឆ្នាំខាងមុខនេះ ដើម្បីប្រែក្លាយវត្តមានដែលមានស្រាប់របស់ខ្លួននៅកណ្តាលរដ្ឋតិចសាស់ ទៅជាប្រព័ន្ធអេកូដ៏ទូលំទូលាយសម្រាប់ការអភិវឌ្ឍន៍ និងការផលិតបន្ទះឈីបឈានមុខគេនៅអាមេរិក។
លេខាធិការពាណិជ្ជកម្មលោកស្រី Gina Raimondo បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ជាមួយនឹងការវិនិយោគនេះក្នុថក្រុមហ៊ុន Samsung សហរដ្ឋអាមេរិក ឥឡូវនេះគឺជាប្រទេសតែមួយគត់នៅលើភពផែនដីជាផ្លូវការដែលជាកន្លែងសម្រាប់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកឈានមុខគេទាំង៥ ។
លោកស្រីបានបន្ថែមថា នេះគឺជាសមិទ្ធិផលដ៏វិសេសវិសាល ដែលនឹងធានាថា យើងមានការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព នូវឧបករណ៍អេឡិចត្រូនិកទំនើបបំផុតមានសារសំខាន់សម្រាប់ AI និងសន្តិសុខជាតិ ទន្ទឹមនឹងនោះក៏បង្កើតការងារដែលមានប្រាក់ខែល្អរាប់ម៉ឺន និងផ្លាស់ប្តូរសហគមន៍ទូទាំងប្រទេស។
លោក Jun Young-hyun អនុប្រធាន និងជានាយកប្រតិបត្តិនៃផ្នែកដំណោះស្រាយឧបករណ៍នៅក្រុមហ៊ុន Samsung Electronics បានបង្ហាញក្តីសង្ឃឹមសម្រាប់ការសហការបន្ថែមទៀតជាមួយដៃគូរបស់សហរដ្ឋអាមេរិកដើម្បីបំពេញ តម្រូវការវិវត្តនៃយុគសម័យដែលជំរុញដោយ AI នាពេលខាងមុខ៕