ឡូសអ៊ែនជឺឡេស៖ យោងតាមអង្គការ NASA បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គការ NASA និងអង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ (ISRO) កំពុងកំណត់គោលដៅដើម្បីធ្វើការបាញ់បង្ហោះផ្កាយរណបអង្កេតមើលនៅលើភពផែនដីនៅក្នុងខែមីនា ឆ្នាំ២០២៥ ។
ប្រព័ន្ធរ៉ាដារារបស់ NASAI និងអង្គការ ISRO រួមគ្នាបង្កើតផ្កាយរណបដែលគេហៅថា (NISAR) នឹងស្កែនផ្ទៃផែនដី និងទឹកកកស្ទើរតែទាំងអស់២ដងរៀងរាល់១២ថ្ងៃម្តង ដើម្បីវាស់ស្ទង់ការផ្លាស់ប្តូរនៃប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី ទឹកកកនៅលើដីគោក សមុទ្រ និងស្រទាប់ផែនដីរឹង ។
ផ្កាយរណប NISAR នឹងបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសឥណ្ឌា ។
យោងតាមអង្គការ NASA បានឲ្យដឹងថា ការអង្កេតពីផ្កាយរណប NISAR នឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិតាមរយៈការជួយអ្នកស្រាវជ្រាវជុំវិញពិភពលោកឱ្យយល់កាន់តែច្បាស់ពីការផ្លាស់ប្តូរលើផ្ទៃភពផែនដី រួមទាំងផ្ទាំងទឹកកក និងទឹកកកសមុទ្រ ។
ផ្កាយរណបមួយនេះក៏នឹងចាប់យកការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងដីសើមរបស់ផែនដី ក៏ដូចជាចលនា និងការខូចទ្រង់ទ្រាយនៃសំបករបស់ភពផែនដី ដូចជា គ្រោះរញ្ជួយដី គ្រោះបាក់ដី និងសកម្មភាពបន្ទុះភ្នំភ្លើងផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា