ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាថា នឹងធ្វើឱ្យមានការបំផ្លិចបំផ្លាញ ជាច្រើនដងបន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីក្រុង Kazan របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍។
លោក ពូទីន ត្រូវបានដកស្រង់ សម្តីដោយ RIA Novosti ថា “អ្នកណាក៏ដោយ មិនថាលោកព្យាយាមបំផ្លាញ អ្វីមួយនៅក្នុងប្រទេសរបស់យើងទេ លោកនឹងប្រឈមមុខនឹង ការបំផ្លិចបំផ្លាញធំ ជាងនេះជាច្រើនដង នៅក្នុងប្រទេសរបស់លោក” ។

លោកបានបន្ថែមថា ប្រទេសនេះនឹងមិនត្រឹមតែស្ដារឡើងវិញ នូវការខូចខាត ដែលបណ្តាលមកពីការវាយប្រហារប៉ុណ្ណោះទេ ប៉ុន្តែនឹងឆ្ពោះទៅមុខក្នុងល្បឿនកាន់តែលឿន។
កាលពីថ្ងៃសៅរ៍ ការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកចំនួន ៨គ្រឿង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Kazan ដែលចំនួន ៦ សំដៅទៅលើអគារលំនៅដ្ឋាន ៕
ប្រែសម្រួល ឈូក បូរ៉ា
