គៀវ៖ លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុចំនួន១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលគាំទ្រដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនោះ ។
លោក Shmyhal បានថ្លែងនៅក្នុងសារបង្ហោះនៅលើបណ្តាញ Telegram ថា “នេះគឺជាទុនដំបូងនៃការគ្រោងទុកចំនួន២០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ត្រូវបានរៀបចំដើម្បីបែងចែកតាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក” ។
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន ក្រោយមកបានបំភ្លឺយ៉ាងដូច្នេះថា មូលនិធិត្រូវបានផ្តល់ជាជំនួយឥតសំណងក្រោមកម្ចីគោលនយោបាយអភិវឌ្ឍន៍មូលនិធិកំណើនទី២ហៅកាត់ (DPL) របស់ធនាគារពិភពលោក ។
ជំនួយរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយដែលធ្វើឡើងដោយក្រុមប្រទេសទាំង៧ ហៅថា (G7) ដែលគិតជាទឹកប្រាក់ចំនួន៥០ពាន់លានដុល្លារក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដែលធានាដោយប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងនោះ ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បណ្តាប្រទេសក្រុម G7 បានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រហែល៣០០ ពាន់លានដុល្លារ បន្ទាប់ពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា