ព័ត៌មានអន្តរជាតិ

រុស្ស៊ី លើកឡើងថា ការធ្វើឃាតជាច្រើន លើករបស់អ៊ុយក្រែន មិនបានសម្រេច មកលើមន្ត្រីយោធា ជាន់ខ្ពស់របស់ខ្លួន

ម៉ូស្គូ៖ ក្រុមសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី ហៅកាត់ថា (FSB) បានឲ្យដឹង នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ខ្លួនបានរារាំងផែនការ ធ្វើឃាត ជាច្រើនលើក ដែលមានក្រុមសេវាកម្មពិសេស របស់អ៊ុយក្រែន ប្រឆាំងនឹងមន្ត្រីយោធា ជាន់ខ្ពស់រុស្ស៊ី ។
ក្រុម FSB បានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ី ចំនួន០៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងផែនការ ធ្វើឃាតប្រឆាំងនឹងមន្ត្រី និងក្រុមគ្រួសាររបស់ពួក គេត្រូវបានឃុំខ្លួន រួចហើយដែរ ។

ពលរដ្ឋម្នាក់ដែលត្រូវបានជ្រើសរើស ដោយក្រុមសេវាស៊ើបការណ៍ សម្ងាត់របស់អ៊ុយក្រែន បានមកដល់ទីក្រុងម៉ូស្គូ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីធ្វើសកម្មភាពភេរវករ ដោយបានបង្កប់គ្រឿងផ្ទុះដែលក្លែងធ្វើជា Power Bank នៅពីក្រោមរថយន្តរបស់មន្ត្រី ការពារជាតិជាន់ខ្ពស់ ។

អ្នកស្រុកម៉ូស្គូម្នាក់ទៀត បានធ្វើការឃ្លាំមើល ទៅលើបុគ្គលិកជាន់ខ្ពស់ ក្រសួងការពារជាតិ និងក្រុមគ្រួសាររបស់ពួកគេ ។ ពលរដ្ឋរុស្ស៊ីចំនួន០២នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធ ក្នុងផែនការចែកចាយគ្រឿង ផ្ទុះដែលក្លែងបន្លំជាថតឯកសារ ។

ករណីព្រហ្មទណ្ឌ ត្រូវ បានបើកដំណើរការ ដើម្បីប្រឆាំងនឹងអ្នកជាប់ឃុំ ដែលត្រូវបានចោទប្រកាន់ពីបទ “ចរាចរអាវុធជាតិ ផ្ទុះខុសច្បាប់”  “ការរៀបចំអំពើភេរវកម្ម” និង “អំពើក្បត់ជាតិធ្ងន់ធ្ងរ” ដែលជាបទល្មើស ដែលត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ស្ថិតក្រោមច្បាប់របស់រុស្ស៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top