ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានវ៉ាដាច់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដើម្បីឈានមុខគេលើទីផ្សារឧបករណ៍ពាក់ដៃ Smart Wearables ជាសកល រួមទាំងនាឡិកាឆ្លាតវៃ និងខ្សែដៃ សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៤ ។
International Data Corporation (IDC) បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិនបាននាំចេញ ឧបករណ៍ពាក់កដៃចំនួន ២៣.៦ លានគ្រឿងក្នុងអំឡុងពេលនេះ ដែលតំណាងឲ្យកំណើន ៤៤.២ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ សម្រាប់ត្រីមាសទី ៣ ក្រុមហ៊ុន Huawei បានដាក់បង្ហាញនាឡិកាដៃ GT5 និង GT5 Pro រួមជាមួយនឹងម៉ូនីទ័រសម្ពាធឈាម ជំនាន់ទី២ Watch D2 ។
ការចេញផ្សាយទាំងនេះ រួមជាមួយនឹងការពង្រឹង យុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្ម និងការផ្តោតសំខាន់លើការ កសាងរូបភាពម៉ាកយីហោ ជាសកល បានធ្វើឲ្យក្រុមហ៊ុនសម្រេចបានកំណើនជាបន្តបន្ទាប់ និងមានស្ថិរភាពក្នុង តំបន់ដូចជាអាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិក។
ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងការនាំចេញចំនួន ២២.៥ លានគ្រឿងក្នុងត្រីមាសទី១ ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះ ១២.៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាការចេញលក់ Apple Watch Series 10 ទទួលបានតំណែងកំពូលក្នុងត្រីមាសទី ៣ យ៉ាងខ្លីក៏ដោយ ក៏យីហោនេះប្រឈមមុខនឹង ការប្រកួតប្រជែងកាន់តែខ្លាំង ឡើងនៅទូទាំងផ្នែកតម្លៃផ្សេងៗនៅក្នុងទីផ្សារពាក់កដៃ។
IDC បានបន្តថា ទោះបីជា Apple Watch នៅតែជាប់ចំណាត់ថ្នាក់ទី១ នៅលើទីផ្សារនាឡិកាឆ្លាត វៃពិភពលោកក៏ដោយ វាចាំបាច់ត្រូវណែនាំការរចនាប្រកបដោយភាព ច្នៃប្រឌិតបន្ថែមទៀត ដើម្បីរក្សាភាពជាអ្នកដឹកនាំក្នុងឧស្សាហកម្មរបស់ខ្លួន ។ Apple គឺជាម៉ាកយីហោតែមួយគត់ក្នុងចំណោម ក្រុមហ៊ុនកំពូលទាំង ៥ ដែលជួបប្រទះការធ្លាក់ចុះ នៃការនាំចេញ ពីមួយឆ្នាំទៅមួយឆ្នាំ៕