ព័ត៌មានអន្តរជាតិ

តុលាការក្រុងហូជីមិញកាត់ទោសប្រហារជីវិតមនុស្ស ២៧នាក់ក្នុងសំណុំរឿងជួញដូរគ្រឿងញៀន

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តុលាការប្រជាជនទីក្រុងហូជីមិញបានកាត់ទោសប្រហារជីវិតមេគ្រឿងញៀនវៀតណាមម្នាក់ និងមន្ត្រីក្រោមឱវាទ ២៦នាក់កាលពីថ្ងៃសុក្រពីបទជួញដូរគ្រឿងញៀន ជាករណីមួយដែលមានចំនួនបុគ្គលត្រូវបានកាត់ទោសប្រហារជីវិតច្រើនបំផុតនៅប្រទេសវៀតណាមក្នុងទសវត្សរ៍កន្លងមក។

តុលាការបានរកឃើញថា ក្នុងចំណោមមនុស្ស ៣៥នាក់បានរត់ពន្ធគ្រឿងញៀនទម្ងន់ចំនួន ៦២៦ គីឡូក្រាមពីកម្ពុជាទៅប្រទេសវៀតណាមចន្លោះខែមីនា ឆ្នាំ២០១៨ ដល់ ខែវិច្ឆិការ ឆ្នាំ២០២២។

លោក Vu Hoang Oanh ត្រូវបានគេស្គាល់ថា Oanh Ha អាយុ ៦៧ឆ្នាំ ដែលជាមេក្លោង និងជាអ្នកដឹកនាំបណ្តាញ ត្រូវបានកាត់ទោសពីបទជួញដូរគ្រឿងញៀនខុសច្បាប់ និងពិន័យជាប្រាក់ចំនួន​ ២០០លានដុង ស្មើនឹង ៧,៨៥៥ដុល្លារអាមេរិក។

មន្ត្រីក្រោមឱវាទចំនួន ២៦នាក់ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មជួញដូរ ដឹកជញ្ជូន ឬរក្សាទុកគ្រឿងញៀនខុសច្បាប់។ សមាជិក ៦នាក់ផ្សេងទៀតនៃបណ្តាញនេះ បានទទួលការកាត់ទោសអស់មួយជីវិត និង២នាក់ទៀតត្រូវបានកាត់ទោសឲ្យជាប់គុក ២០ឆ្នាំ។

ពួកគេត្រូវបានតម្រូវឱ្យប្រគល់ប្រាក់ចំណេញខុសច្បាប់ទាំងអស់ដែលមានចំនួនរាប់សិបពាន់លានដុងទៅថវិការដ្ឋ ១ពាន់លានដុងស្មើនឹង ៣៩,៣០០ ដុល្លារអាមេរិក។ វៀតណាមមានច្បាប់គ្រឿងញៀនតឹងតែងបំផុតក្នុងពិភពលោក។ អ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ក្រាម ឬកូកាអ៊ីន ឬមេតំហ្វេតាមីនលើសពី ២,៥ គីឡូក្រាម ប្រឈមនឹងការកាត់ទោសប្រហារជីវិត៕

Most Popular

To Top