ព័ត៌មានអន្តរជាតិ

ការផ្អាកការដឹកជញ្ជូនឧស្ម័ន របស់ប្រទេសអ៊ុយក្រែន បង្កើនការបារម្ភចំពោះការផ្គត់ផ្គង់ និងតម្លៃ

DW

បរទេស៖ ការផ្អាកនៅក្នុងការដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីឆ្លងកាត់អ៊ុយក្រែន បានបង្កឱ្យមានការភ័យខ្លាចនៃកង្វះការផ្គត់ផ្គង់ និងការកើនឡើងថ្លៃថាមពល ជាពិសេសនៅក្នុងបណ្ដាប្រទេសអឺរ៉ុប ដែលមិនមានផ្លូវគោកដូចជាស្លូវ៉ាគី។ ទាំងអ៊ុយក្រែន និងរុស្ស៊ី បានប្រកាសពីការបញ្ឈប់កាលពីថ្ងៃពុធ ដោយជំរុញឱ្យប្រទេសសហភាពអឺរ៉ុបមួយចំនួន ងាកទៅរកជម្រើសថាមពល ដែលមានតម្លៃថ្លៃជាង

នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានឲ្យដឹងថាការបញ្ឈប់ការដឹកជញ្ជូនឧស្ម័នឆ្លងកាត់អ៊ុយក្រែនទៅកាន់អឺរ៉ុបនឹងមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់យើងទាំងអស់គ្នានៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីនោះទេ” ។ ការបញ្ឈប់នេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់អ៊ុយក្រែន មិនបន្តកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នឆ្នាំ២០១៩ រវាងក្រុមហ៊ុនរដ្ឋ Naftogaz និងក្រុមហ៊ុន Gazprom របស់រុស្ស៊ី ដែលផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ក្រសួងថាមពលអ៊ុយក្រែនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “នៅម៉ោង ៧ ព្រឹក ដើម្បីផលប្រយោជន៍សន្តិសុខជាតិ ការដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ី ឆ្លងកាត់ទឹកដីនៃប្រទេសអ៊ុយក្រែន ត្រូវបានបញ្ឈប់” ។ ដូចគ្នានេះដែរក្រុមហ៊ុន Gazprom បានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដោយសារតែការផុតកំណត់នៃកិច្ចព្រមព្រៀងសំខាន់ៗ និងការបដិសេធរបស់អ៊ុយក្រែនក្នុងការបន្តពួកគេ។

នៅក្នុងលិខិតផ្ញើទៅកាន់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃអាទិត្យលោក Fico បានថ្កោលទោសការផ្អាកការដឹកជញ្ជូនឧស្ម័នរបស់អ៊ុយក្រែនថា មិនសមហេតុផល ហើយបានព្រមានថាវានឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់សហភាពអឺរ៉ុបច្រើនជាងរុស្ស៊ី។ លោកក៏បានចង្អុលបង្ហាញថារដ្ឋាភិបាលរបស់លោក អាចពិចារណាវិធានការដូចជាការកាត់ការផ្គត់ផ្គង់អគ្គិសនីដល់អ៊ុយក្រែនផងដែរ។

ស្លូវ៉ាគី ដែលពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ី ស្ថិតក្នុងចំណោមប្រទេស ដែលរងគ្រោះខ្លាំងជាងគេ។ ប្រទេសនេះ បាននាំចូលឧស្ម័នធម្មជាតិប្រមាណ ៣ ពាន់លានម៉ែត្រគូបពីប្រទេសរុស្ស៊ី តាមរយៈអ៊ុយក្រែនក្នុងមួយឆ្នាំ ដែលស្មើនឹង ២ភាគ៣នៃតម្រូវការរបស់ប្រទេសនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទោះជាយ៉ាងណាក៏ដោយ EC បានបន្ថយផលប៉ះពាល់ដែលអាចកើតមាន ដោយអ្នកនាំពាក្យបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធឧស្ម័ននៅអឺរ៉ុបគឺ “អាចបត់បែនបាន” ដើម្បីផ្តល់ឧស្ម័នដែលមានដើមកំណើតមិនមែនរុស្ស៊ីទៅកាន់អឺរ៉ុបកណ្តាល និងខាងកើត តាមរយៈផ្លូវជំនួស ហើយថាវាត្រូវបានបំពេញបន្ថែមដោយសមត្ថភាពនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ចាប់តាំងពីឆ្នាំ២០២២៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top