ញូវយ៉ក៖ សារព័ត៌មាន The New York Times បានរាយការណ៍ថា លោកស្រី Shigeko Sasamori អ្នករស់រានមានជីវិតពីការវាយប្រហារដោយគ្រាប់បែកបរមាណូនៅឆ្នាំ ១៩៤៥ របស់អាមេរិកលើទីក្រុង Hiroshima ដែលបានទទួលការវះកាត់ឡើងវិញនូវស្លាកស្នាមរបស់លោកស្រីនៅអាមេរិក បានទទួលមរណភាពកាលពីខែមុននៅផ្ទះរបស់លោកស្រីក្នុងរដ្ឋកាលីហ្វ័រញ៉ាអាយុ ៩២ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
កាសែតបានបន្តថា លោកស្រី Sasamori ជាស្ត្រីម្នាក់ក្នុងចំណោម “Hiroshima Maidens” ជាស្ត្រីដែលរងរបួសខូចទ្រង់ទ្រាយពីការវាយប្រហារ ហើយបានធ្វើដំណើរទៅអាមេរិកដើម្បីព្យាបាលស្នាកស្នាមអុកលើដងខ្លួនបានធ្វើយុទ្ធនាការដើម្បីសន្តិភាព និងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ លោកស្រីបានស្លាប់នៅថ្ងៃទី ១៥ ខែធ្នូនៅផ្ទះរបស់លោកស្រីនៅ Marina del Rey ភាគខាងលិចនៃរដ្ឋអាមេរិក ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោកស្រីនោះទេ។
លោកស្រី Sasamori កើតនៅទីក្រុងភាគខាងលិចប្រទេសជប៉ុនក្នុងឆ្នាំ១៩៣២ ត្រូវបានវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនៅថ្ងៃទី៦ ខែសីហា ឆ្នាំ ១៩៤៥ នៅអាយុ ១៣ឆ្នាំប្រហែល ១.៥ គីឡូម៉ែត្រពីដីសូន្យ។ លោកស្រីមានរបួសរលាកធ្ងន់ធ្ងរ រួមទាំងមុខ និងដៃ។
កាសែតបានបន្ថែមថា លោកស្រីជាស្ត្រីវ័យក្មេងម្នាក់ក្នុងចំណោម ២៥នាក់ ដែលខូចទ្រង់ទ្រាយដោយគ្រាប់បែកត្រូវបានជ្រើសរើសឲ្យធ្វើការវះកាត់នៅមន្ទីរពេទ្យ Manhattan ដែលជាផ្នែកមួយនៃបេសកកម្មរៀបចំដោយអ្នកនិពន្ធជនជាតិអាមេរិកលោក Norman Cousins ។ បន្ទាប់ពីត្រឡប់មកប្រទេសជប៉ុនវិញ លោកស្រីបានចាកចេញទៅកាន់អាមេរិកម្តងទៀត និងបន្តចែករម្លែកបទពិសោធន៍របស់នាងនៅពេលរស់នៅទីនោះ៕