អ.ស.ប៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨ភាគរយនៅក្នុងឆ្នាំ២០២៥នេះ ដែលមិនផ្លាស់ប្តូរពីឆ្នាំមុននោះទេ ។
ទោះបីជាអតិផរណាបានថយចុះ ការកែលម្អលក្ខខណ្ឌទីផ្សារការងារ និងការធ្លាក់ចុះតម្លៃរូបិយវត្ថុក៏ដោយ កំណើនពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងនៅតែទាបជាងល្បឿនដែលបានឃើញនៅមុនពេលជំងឺឆ្លងរាតត្បាត ហើយសេដ្ឋកិច្ចពិភពលោកនៅតែបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់សំខាន់ៗ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២៥ របស់អង្គការសហប្រជាជាតិបានឲ្យដឹងដូច្នេះ ។
នៅក្នុងរបាយការណ៍បានព្យាករណ៍ឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង២,៩ភាគរយនៅក្នុងឆ្នាំ ២០២៦ខាងមុខ ។
របាយការណ៍ដដែលនេះបានដាក់ថា អតិផរណាទាប និងការថយចុះនៃរូបិយវត្ថុដែលកំពុងមានហើយបានបន្តដល់ការកើនឡើងនៃសេដ្ឋកិច្ចដែលអាចផ្តល់នូវការជំរុញតិចតួចដល់សកម្មភាពសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥នេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់នៅតែលេចចេញជារូបរាងដ៏ធំ ជាមួយនឹងហានិភ័យដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងការកើនឡើងថ្លៃដើមកម្ចីនៅក្នុងប្រទេសជាច្រើនផងដែរ ។
គេបានដឹងថា បញ្ហាប្រឈមទាំងនេះមានលក្ខណៈស្រួចស្រាវជាពិសេសសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងប្រទេសងាយរងគ្រោះ ដែលកំណើនអនុកម្រិត និងផុយស្រួយគំរាមកំហែងដល់ការធ្វើឱ្យខូចដល់វឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហៅកាត់ថា (SDGs) ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា