ខេត្ត Nghe An ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានឃុំម្នាក់នៅខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាម ត្រូវបានចោទប្រកាន់ថា ជាមេក្លោងប្រតិបត្តិការគ្រឿងញៀន ដែលបានជួញដូរគ្រឿងញៀនពីប្រទេសឡាវ ចូលទៅប្រទេសវៀតណាម ដើម្បីចែកចាយនៅទូទាំងតំបន់ជាច្រើន។
លោក Mua Ba Vu អាយុ ៤១ឆ្នាំ ជាប្រធានឃុំ Na Ngoi ស្រុក Ky Son បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនក្រោមការស៊ើបអង្កេតពីបទដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់។ បក្ខពួករបស់លោកឈ្មោះ Le Hoang Cuong អាយុ ៣៥ឆ្នាំ ជាអ្នកក្រុងហាណូយ ក៏កំពុងប្រឈមនឹងការចោទប្រកាន់ដូចគ្នា។
លោក Vu បានបម្រើការជាប្រធានឃុំ Na Ngoi អស់រយៈពេល២ឆ្នាំ ពីមុនធ្វើការជាច្រើនទសវត្សរ៍ជាមន្ត្រីគណៈកម្មាធិការអធិការកិច្ចបក្ស និងជាអនុប្រធានឃុំ។ ឃុំ Na Ngoi ជាឃុំដាច់ស្រយាលមួយស្ថិតក្នុងស្រុក Ky Son និងមានព្រំប្រទល់ជាប់ប្រទេសឡាវ ជាឃុំដែលរស់នៅយ៉ាងលើសលុបដោយក្រុមជនជាតិភាគតិច Hmong ហើយត្រូវបានគេស្គាល់ដោយសារតំបន់ភ្នំ និងស្ថានភាពផ្លូវលំបាក។
យោងតាមអ្នកស៊ើបអង្កេតថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ លោក Vu បានយកតួនាទី និងចំណេះដឹងក្នុងស្រុក ដើម្បីសហការជាមួយបុគ្គលបរទេសក្នុងការរត់ពន្ធគ្រឿងញៀនតាមរយៈផ្លូវព្រំដែនក្រៅផ្លូវការចូលទៅក្នុងប្រទេសវៀតណាម។ Cuong បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការនេះ ដោយជួយលោក Vu ក្នុងការដឹកជញ្ជូនគ្រឿងញៀនសម្រាប់ចែកចាយបន្ត៕