ជាក្រុមអ្នកវិទ្យាសាស្រ្ត ផ្នែកអវកាស មានតូនាទីសិក្សាស្រាវជ្រាវ និងដោះស្រាយចម្ងល់របស់មហាជន ទូទៅអំពីអ្វីដែលបានកើតឡើង នៅក្នុងចក្រវាឡ ដ៏ធំធេងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ត្រូវយល់ដឹងអំពីមនុស្ស និងការវិវត្តន៍របស់មនុស្ស នៅក្នុងចក្រវាឡនេះផងដែរ ។
ជាក់ស្តែង ការស្រាវជ្រាវវិទ្យាសាស្រ្ត មិនត្រឹមតែបានធ្វើឲ្យមនុស្សស្វែងយល់ និង យល់ដឹងអំពីភពផែនដីប៉ុណ្ណោះទេ គឺថែមទាំងអាចឲ្យពួកយើងបានដឹង អំពីការវិវត្តន៍របស់ភពទាំង៨ទៀតនៃប្រព័ន្ធព្រះអាទិត្យ ព្រមទាំង វត្ថុអវកាសដទៃទៀតដ៏គួរឲ្យចាប់អារម្មណ៍។
ជាមួយគ្នានេះដែរ ពួកយើងអាចដឹងថា ភពទាំងអស់ផ្ទុកទៅដោយទឹក និង ឧស្ម័នមេតាន ដោយសារតែក្រុមអ្នកវិទ្យាសាស្រ្តបានបង្កើតមនុស្សយន្តអវកាស និងបច្ចេកវិទ្យាវិទ្យាសាស្រ្តទំនើបៗ ដើម្បីទៅសិក្យានៅក្នុងគោចរលំហអាកាសរបស់ភពនីមួយៗដែលមានចំងាយប្រហែល ២២៥លានគីឡូម៉ែត្រពីគ្នា។
មួយវិញទៀត ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យយើងបានស្គាល់នូវទ្រង់ទ្រាយរបស់ភពនីមួយៗ និង ក្រុមកាឡាក់ស៊ី តាមរយៈរូបភាពជាច្រើន ដែលទទួលបានពីយានអវកាស និងបច្ចេកវិទ្យា នៃកែវយឺតអវកាស ផងដែរ ដែលនេះ គឺជាសមិទ្ធផលដ៏ល្អប្រសើរមួយដែល ក្រុមអ្នកវិទ្យាសាស្រ្ត បានខិតខំប្រឹងប្រែងកន្លងមក ។
ដោយ៖ ហង្ស សុបញ្ញា