បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថា តៃវ៉ាន់គ្រោងនឹងដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចថ្មីដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។
មីស៊ីលប្រភេទAdvanced Surface-to-Air Missile Systems (NASAMS) នឹងត្រូវបានដំឡើងនៅក្នុងទីតាំងសំខាន់ៗជាយុទ្ធសាស្ត្រនៅភាគខាងជើងនៃកោះនេះ រួមទាំងស្រុក Songshan របស់តៃប៉ិ និងស្រុក Tamsui នៃទីក្រុងតៃប៉ិថ្មីផង។
NASAMS នេះគឺជាអាវុធដែលផលិតដោយប្រទេសន័រវេស គឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម អាចភ្ជាប់បំពាក់ជាមួយនឹងយន្តហោះ និងយន្តហោះគ្មានមនុស្សបើកផងហើយ វារួមបញ្ចូលបច្ចេកវិទ្យារ៉ាដាកម្រិតខ្ពស់ និងតំណភ្ជាប់ទិន្នន័យយុទ្ធសាស្ត្រយោធា ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីលើអាកាស។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបានអនុម័តការលក់អាវុធ NASAMS ចំនួនបីគ្រឿងទៅកោះតៃវ៉ាន់ដែលជាផ្នែកមួយនៃកញ្ចប់អាវុធចំនួន២ពាន់លានដុល្លារពេលកន្លងមកដែលបានប្រកាសកាលពីខែតុលាឆ្នាំមុន ដែលជាការកត់សម្គាល់ការលក់អាវុធលើកទី១៧ហើយទៅដល់កោះតៃវ៉ាន់ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden៕
ប្រែសម្រួល៖ស៊ុនលី